ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះពិនិត្យការរៀបចំសកម្មភាពលំហែបៃតង ផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅតំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនសកម្មភាពលំហែបៃតងឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ គីឡូម៉ែត្រ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពលំហែបៃតង ដើម្បីផ្តល់ផលប្រយោជន៍ជាចំណូលដល់សហគមន៍។

សូមបញ្ជាក់ថា នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើចុះពិនិត្យទីតាំងសម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ។ តាមរយៈការរួមចំណែក ដាំពីប្រជាជនគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស កម្ពុជានឹងសម្រេចគោលដៅ ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើមត្នោតចំនួន ១លានដើមផងដែរ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស និង រៀបចំថ្នាលបណ្ដុះកូនឈើ ខ្នាតតំបន់៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍ ប្រកបដោយចីរភាព៕



-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព