ព័ត៌មាន
នាយករដ្ឋមន្រ្តីបន្តអំពាវនាវឲ្យអាជ្ញាធរមីន និងភាគីពាក់ព័ន្ធកំណត់ឲ្យច្បាស់នូវទីតាំងដែលប្រឈមគ្រោះថ្នាក់ដោយសារមីន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តធ្វើការអំពាវនាវដល់អាជ្ញាធរមីន និងភាគីពាក់ព័ន្ធទាំងអស់គប្បីរួមគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងត្រូវកំណត់នូវទីតាំងដែលប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដទៃទៀតឲ្យបានជាក់លាក់បំផុត។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ឆ្នាំ ២០២៥នេះ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមគោលដៅប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១«ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥»។
ដើម្បីសម្រេចបានគោលការណ៍ប្រកបដោយចីរភាពនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត បណ្ណនានាជាដើម។
តាមរយៈសារលិខិតដដែលនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានអំពាវនាវដល់«អាជ្ញាធរមីនត្រូវ បន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឲ្យបានជាក់លាក់ នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធ្វើការអប់រំ និងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលាព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្រ្តអប់រំឲ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរងផលប៉ះពាល់ និងឥរិយាបទរបស់ជនងាយរងគ្រោះ»។
សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ប្រទេសជាម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍសូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម សកម្មភាពអប់រំកាត់ បន្ថយគ្រោះថ្នាក់ និងកិច្ចសង្រ្គោះជនពិការដោយសារគ្រឿងផ្ទុះទាំងនោះផងដែរ។
បន្ថែមពីនេះទៀតសម្តេចធិបតី ក៏បានឲ្យអាជ្ញាធរមីន និងភាគីពាក់ព័ន្ធទាំងអស់គួរបន្តគៀរគធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសបន្តជំរុញការចូលរួមពីវិស័យឯកជននិងសប្បុរសជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថ្មី«ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។
សម្តេចធិបតីក៏បានក្រើនរំលឹក និងអំពាវនាវយ៉ាងទទួចដល់បងប្អូន កូនក្មួយ ពេលឃើញគ្រាប់មីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្រ្គាម សូមកុំប៉ះពាល់ ដុត ដុំ ឬក៏គប់លេង កុំលក់ កុំរក្សាទុក កែច្នៃរបស់ទាំងនោះឲ្យសោះ ដោយគប្បីត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត ដើម្បីបង្ការគ្រោះថ្នាក់ធ្លាក់ខ្លួនពិការ ឬអាចបាត់បង់ជីវិតនោះ៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣