ព័ត៌មាន
សប្បុរជន គឺជាចលករជំរុញការងារអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់តែរីកចម្រើន
នាព្រឹកថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត) បាន អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួនជាង២ពាន់ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន (អ.ម.ត) បាននាំនូវការ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់។ លោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ លោកជំទាវបណ្ឌិតបន្តថា មូលធនមនុស្ស ដែលមានគុណភាព និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងជីវភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់ សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។

ទន្ទឹមនឹងនេះការចូលរួមរបស់គ្រឹះស្ថានសិក្សា ក៏ដូចជាអង្គការ-សមាគម ក្រុមហ៊ុន ធនាគារ និងសប្បុរសជនទាំងអស់ ពិតជាបានជួយពង្រីកនូវវិសាលភាព និង លទ្ធភាពនៃការផ្តល់អាហារូបករណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត សំដៅរួម ចំណែក ក្នុងការកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។ លោកជំទាវបណ្ឌិត បានអរគុណភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធាន ក្នុងការចូលរួមចំណែក និងបំពេញតួនាទី ប្រកបដោយភាពប៉ិនប្រសប់ សស្រាក់សស្រាំ និងភាពបុរេសកម្ម ដើម្បីបុព្វហេតុដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន។
ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត) បានគោរពថ្លែងអំណរគុណ សម្តេចទាំងទ្វេរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានអាហារូបករណ៍ដល់ពួកគេ។ ព្រោះអាហារូបករណ៍នេះ បានជួយដល់ជីវភាពគ្រួសារ និងកាត់បន្ថយការចំណាយក្នុងការសិក្សាបានច្រើន ជាពិសេសសម្រាប់និស្សិតក្រីក្រមកពីតាមបណ្តាខេត្ត។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ឱកាសសិក្សាជាច្រើនកន្លែងដល់ សិស្ស និង និស្សិត មកពីគ្រួសារក្រីក្រ ឱ្យទទួលបានការអប់រំ និងបញ្ចប់ការសិក្សាកម្រិតខ្ពស់។ សិស្ស និស្សិតខ្លះ មិនត្រឹមទទួលបានអាហារូបករណ៍សិក្សាក្នុងប្រទេសប៉ុណ្ណោះទេ តែក៏ទទួលបានអាហារូបករណ៍សម្រាប់សិក្សានៅក្រៅប្រទេសថែមទៀតផង។ តាមរយៈចំណេះដឹងទទួលបានពីការអប់រំទាំងនេះបានផ្តល់ទុនដ៏ធំសម្រាប់ពួកគេយកទៅកសាងជីវិតឱ្យប្រសើរ ហើយអ្នកខ្លះទៀត ក៏បានប្រឡងចូលបំពេញការងារក្នុងក្របខណ្ឌរាជការបម្រើជាតិ មាតុភូមិ ពោរពេញដោយសក្តានុពលថែមទៀតផង៕ អត្ថបទ៖ សំ ងីម





-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព