ព័ត៌មាន
២សប្តាហ៍សោះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូ និងកង់បីបើកបរបញ្ច្រាស់ជាង១០០គ្រឿង ពិសេសអ្នកបើកតាមរថយន្តសារ៉ែន
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានឃាត់ម៉ូតូកង់ពីរ និងកង់បីបើកបរបញ្ច្រាសផ្លូវចំនួន ១០៥គ្រឿង ជាពិសេសអ្នកបើកបរតាមក្រោយរថយន្តសារ៉ែនអាទិភាព ក្នុងវិធានការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ម៉ូតូទាំងអស់ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេល ១ថ្ងៃ ក្រោយពេលឃាត់ ដើម្បីឱ្យម្ចាស់ម៉ូតូមកធ្វើកិច្ចសន្យា និងអប់រំណែនាំ មុនពេលប្រគល់ជូនវិញ។ នេះបើតាមលោកចៅសង្កាត់ស្ទឹងមានជ័យទី១។
មុនឈានចូលដល់ការប្រើប្រាស់វិធានការរឹតបន្តឹងច្បាប់នេះ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ និងជាប្រធានគណៈបញ្ជាការឯកភាព បានឱ្យដឹងថា នាពេលកន្លងមក សាលាសង្កាត់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើសេចក្តីណែនាំជូនដំណឹងជារឿយៗ ដល់អ្នកបើកបរប្រើប្រាស់ផ្លូវដែលឆ្លងកាត់ត្រង់ចំណុចខាងលើ ដើម្បីណែនាំកុំឱ្យបន្តបើកបរល្មើសបញ្ច្រាស់ទិស ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធាណៈ។ ប៉ុន្តែការជូនដំណឹងនោះ អ្នកបើកបរហាក់មិនបានជ្រាប និងមិនព្រមអនុវត្តតាម ដោយអ្នកប្រើប្រាស់ផ្លូវ នៅតែបន្តបើកបំពានបញ្ច្រាស់ ជាពិសេសការបើកបរតាមក្រោយរថយន្តសារ៉ែន នាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍បាត់បង់អាយុជីវិតជារឿយៗ។
លោកបានបញ្ជាក់ថា បញ្ហាទាំងអស់នេះហើយដែលថ្នាក់ដឹកនាំបានមើលឃើញ និងគិតគូរបានយ៉ាងល្អិតល្អន់ បើសិនជាបណ្តែតបណ្តោយទៀតនោះ អាចនឹងមានបញ្ហាណាមួយកើតឡើងជាមិនខាន ត្រូវបង្ខំចិត្តអនុវត្តវិធានការយ៉ាងតឹងរឹងនេះតែម្តង ដើម្បីសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងសណ្តាប់ធ្នាប់សង្គម។
លោកបានថ្លែងប្រាប់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ និងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានអនុវត្តវិធានការរឹតបន្តឹងច្បាប់ទៅលើអ្នកបើកបរ ដែលបើកបរបញ្ជ្រាស់ក្នុងមូលដ្ឋាននេះ គឺក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំដែលមានលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលជាយូរឆ្នាំមកហើយនៅត្រង់ចំណុចនេះឃើញថា ជាទីតាំងដែលមានផ្លូវតូចៗជាច្រើនឆ្លងកាត់ ហើយអ្នកធ្វើដំណើរមួយចំនួនមិនបានគិតពីសុវត្ថិភាពរបស់ខ្លួន បើកបរដោយបញ្ច្រាស់ទិស បណ្តាលឱ្យមានការកកស្ទះ ពិបាកក្នុងការធ្វើដំណើរ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះបង្ករទៅជាគ្រោះថ្នាក់ចរាចរណ៍ក៏មានដែរ។
ក្រោយពីការអនុវត្តវិធានការដ៏តឹងរឹងនេះលោកចៅសង្កាត់បានបញ្ជាក់ថា ការបើកបរបញ្ច្រាស់នៅត្រង់ចំណុចនេះ គឺមានការថយចុះខ្លាំងមិនដូចជាពេលមុនទេ ហើយក៏មិនសូវមានការកកស្ទះទៀតដែរ នៅមានតែចំនួនតិចតួចប៉ុណ្ណោះមិនព្រមស្តាប់ការណែនាំ។ ទោះបីជាយ៉ាងក៏ដោយក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព នៅតែបន្តអនុវត្តវិធានការទៅលើការបើកបរបញ្ច្រស់នេះជានិច្ច និងកំពុងរៀបចំស្នើសុំគោលការណ៍បន្ថែមទៀតពីថ្នាក់ដឹកនាំ តើគួរផាកពិន័យចំពោះមធ្យោយបាយដែលឃាត់បាន ឬយ៉ាងណា ដើម្បីឱ្យមានការរាងចាល ដោយកន្លងមកនេះមធ្យោយបាយមួយចំនួនដែលឃាត់បាន ទាំងម៉ូតូរ៉ឺម៉កកង់បី និងផាសអាប់ គឺគ្រាន់តែរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលមួយយប់ និងធ្វើកិច្ចសន្យាណែនាំអប់រំប៉ុណ្ណោះ មិនមានការផាកពិន័យនោះទេ។
ជុំវិញការរឹតបន្តឹងបញ្ហាចរាចរណ៍នៅសង្កាត់ស្ទឹងមានជ័យទី១នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានលើកទឹកចិត្ត ចំពោះការអនុវត្តរបស់រដ្ឋបាលសង្កាត់ ប្រកបដោយប្រសិទ្ធភាព ហើយជាសារមួយផ្ញើទៅកាន់អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវ គោរព និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ បើមានការផាកពិន័យសូមកកុំខឹងសម្បារលើសមត្ថកិច្ចព្រោះដឹងថាខ្លួនខុស និងផ្តល់រូបភាពមិនល្អ ស្របពេលដែលកំពុងកកស្ទះ បែរជាសម្រុកជិះបញ្ច្រាសយករួចខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរដល់អ្នកដ៏ទៃ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
សូមបញ្ជាក់ថា បើតាមលោកចៅសង្កាត់ស្ទឹងមានជ័យទី១ ករណីបើកបរជិះបញ្រ្ចាសផ្លូវដែលភាគច្រើន គឺម៉ូតូមានចំនួន ១០៣គ្រឿង និងផាសអាប់កង់បីចំនួន២គ្រឿង៕

-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
PR NEWS4 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា4 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 day agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត