ព័ត៌មាន
ឯកឧត្តម កើត រិទ្ធ៖ ការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីក្នុងវិស័យយុត្តិធម៌ គឺជាការងារអាទិភាពត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់, តឹងរ៉ឹង និងគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ
ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ឯកឧត្ដម ធុច បញ្ចសន្តិភាព ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ជំនួស ឯកឧត្ដម ទី សុវិនថាល់ ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមប្រធានសាលាដំបូងខេត្ត និង ឯកឧត្តម និងលោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយចំនួន ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប ផងដែរ។
ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ដែលបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល និង ត្រូវបានកំណត់ជាវិធានការគន្លឹះទី ៥ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជូនអង្គពិធីទាំងមូល ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរដ្ឋបាលតុលាការ និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ អំពីសេចក្តីសម្រេចចិត្តរបស់មហាសន្នបាតវិស័យយុត្តិធម៌ ដែលនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ, អង្គមហាសន្និបាតវិស័យយុត្តិធម៌ ក៏បានឯកភាព និងគាំទ្រទាំងអស់គ្នាថា “ការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ គឺជាការងារអាទិភាពមួយដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់, ឱ្យបានតឹងរ៉ឹង និងដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ”។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ដូចខាងក្រោម៖
(១)-ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។
(២)-ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដែលនេះជា “យ័ន្តការពារខ្លួនដ៏ស័ក្តិសិទ្ធ” របស់ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ក្នុងការបំពេញការងាររបស់ខ្លួន ព្រមទាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានភាពម្ចាស់ការក្នុងការសរសេរសាលក្រម ឬសាលដីកាឱ្យបានឆាប់រហ័សបន្ទាប់ពីការប្រកាសអំពីការសម្រេចសេចក្តីរបស់ខ្លួន។
(៣)-ត្រូវបន្តចូលរួមឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
(៤)-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់, ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
(៥)-ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដោយគោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ នៅក្នុងវិស័យយុត្តិធម៌។
(៦)-ត្រូវរក្សាភាពមិនលំអៀង ដោយវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ នៅពេលជំនុំជម្រះក្តី ។
(៧)-ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សជាប់ជាប្រចាំ តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន, មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធ។
សូមគូសបញ្ជាក់ផងដែរថា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ធុច បញ្ចសន្តិភាព ដែលត្រូវបានចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម, ព្រះរាជអាជ្ញា, ព្រះរាជអាជ្ញាររង, ក្រឡាបញ្ជី និង មន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា ជាពិសេស ការចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការទាំង ២ គឺ៖ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ៕


-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ