ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ដូបឈ្នះ ឈ្នះ ប៉ៃលិន
ក្នុងពេលចុះសាកសួរសុខទុក្ខកងទ័ព និងសំណេះសំណាលដល់យោធិននៅតំបន់ភូមិភាគីទី៥ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឆ្លៀតចុះពិនិត្យនូវវឌ្ឍនភាពនៃការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ខណៈស្តូបនេះបានសាងសង់រួចជាង៦០ភាគរយហើយនោះ។
សូមបញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន បានប្រារព្ធពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៨ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៉ៃលិន ដែលពិធីបើកការដ្ឋានបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មាការសាងសង់វិមានឈ្នះ ឈ្នះ។
ស្តូប ឈ្នះ ឈ្នះប៉ៃលិន ទំហំ ៥៩ គុណនឹង ៥៩ ម៉ែត្រ និង កម្ពស់ ៥០. ៩ ម៉ែត្រ។ ប៉ៃលិន គឺជាកន្លែងបំផ្ទុះដ៏ធំបំផុតនៃនយោបាយឈ្នះ ឈ្នះ ជាចលនាមួយដ៏គគ្រិកគគ្រេង និងឈានទៅធ្វើសមាហរណកម្ម កម្លាំងជាមួយរដ្ឋាភិបាល ហើយអន្លុងវែងជាកន្លែងចុងក្រោយ ដែលបានបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ប៉ៃលិនដែលបានសាងសង់នាពេលនេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ដើម្បីការអប់រំ តាំងពិព័រណ៍ តម្កល់ភស្តុតាងនានា ឯកសារ ខ្លឹមសារប្រវត្តិសាស្រ្តពិត ស្តីពីនយោបាយឈ្នះ ឈ្នះ អំពីរឿងរ៉ាវនៃវីរភាព របស់វីរជន ស្នេហាជាតិយើងយ៉ាងច្រើនឥតគណនា ដែលបានធ្វើពលិកម្ម លះបង់ជីវិត ដើម្បីបុព្វហេតុ សន្តិភាព និងសេចក្តីសុខក្សាមក្សាន្តប្រជាជនគ្រប់ជំនាន់ ទុកដល់កូនចៅបន្តវេនដើម្បីសិក្សា ស្រាវជ្រាវរៀនសូត្រចិញ្ចឹមស្មារតី ប្តូរផ្តាច់ថែរក្សាសន្តិភាពអោយបានស្ថិតស្ថេរគង់វង្សជាអមត: ។
ការសាងសង់វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ និងស្តូបឈ្នះ ឈ្នះ និងនៅតាមខេត្តមួយចំនួន បានកើតឡើងក្រោមគំនិតផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន គឺជាការអរគុណ សន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលបានបង្ហាញ “ទី ១ វប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់ភាពស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព “ទី ២ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ទី ៣-បញ្ចាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែលបានកើតចេញលើកដំបូងនោះ ពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និង ទី៤” ជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់នូវប្រវត្តិសាស្ត្រពិតរបស់ខេត្តនីមួយៗ បញ្ជាក់ពីវីរភាព ពិតរបស់កូនខ្មែរសម័យនេះ និងចរឹតកត់ត្រាពីសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំ កម្ពុជា។
តាមរយៈនយោបាយឈ្នះ ឈ្នះ នៅក្នុងរយៈពេល២៦ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានដឹកនាំ ប្រទេសជាតិធ្វើឱ្យមានការរីកចម្រើនលើគ្រប់ វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធ។ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ពេលសាងសង់រួចនឹង ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ សេដ្ឋកិច្ច សង្គម និងយុទ្ធសាស្ត្របន្ថែមទៀត។
ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ជា«និមិត្តរូបសន្តិភាពក្នុងខេត្តប៉ៃលិន» ដែលសន្តិភាព បានមកពីនយោបាយឈ្នះ ឈ្នះ។ ខេត្តប៉ៃលិន បានទទួលសមិទ្ធផលជាច្រើនពីសន្តិភាព រហូតមកដល់បច្ចុប្បន្នបានប្រែក្លាយទឹកដីខេត្តប៉ៃលិនពីតំបន់សមរភូមិគួរឱ្យខ្លាចមកជាតំបន់ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ពីតំបន់ដែលពោរពេញដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីភ្លើងសង្រ្គាម ប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ ហើយតំបន់ព្រំដែនក៏បានក្លាយជាព្រំដែនមិត្តភាព មានកិច្ចសហប្រតិបត្តិការ ខេត្តជាប់ព្រំដែន ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករផងដែរ៕ អត្ថបទ៖ បាន ចក់










-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន7 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន7 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង
-
ព័ត៌មាន4 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន2 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក