ព័ត៌មាន
សម្ដេចធិបតី៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលនីតិកាលទី៧
ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន រៀល កូនភ្លោះ៣ ទទួលបាន ១ លាន ៦ សែន រៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត។
ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានគូសរំលេចអំពីគោលបំណងដែលសម្ដេចអញ្ជើញមកពិនិត្យដោយផ្ទាល់នៅទារកដ្ឋាននេះ គឺដើម្បីចង់មកមើលឃើញជាក់ស្ដែងនូវការអនុវត្តការងារបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលសម្ដេចបានដាក់ចេញគោលការណ៍នេះ កាលពីពេលដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយពេលនោះសម្ដេចបានដាក់ចេញគោលការណ៍ចំនួន ១០ ដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្ត ហើយ ការបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស គឺជា គោលការណ៍១ ក្នុងចំណោមគោលការណ៍ទាំង១០ ដែលសម្ដេចបានដាក់ចេញនាពេលនោះ ។ ការបង្កើតទារកដ្ឋាននេះ គឺ សម្រាប់ការមើលថែទាំកូនៗ ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ របស់កម្មករនិយោជិត ដែលនឹងជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត ហើយក្មេងៗទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលនឹងក្លាយជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង ។ ទារកដ្ឋានរោងចក្រម៉ាវ៉ល ហ្កាមិន គឺជាទារកដ្ឋានទី១ នៅប្រទេសកម្ពុជា ប៉ុន្តែទៅថ្ងៃក្រោយ យើងនឹងរៀបចំបង្កើតទារកដ្ឋានឱ្យកាន់តែច្រើនបន្ថែមទៀត ដោយក្នុងនោះ យើងបានកំណត់ជាគោលការណ៍គឺ រោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិតលើសពី ១០០នាក់ គឺត្រូវរៀបចំបង្កើតទារកដ្ឋាន នៅក្នុងរោងចក្រ សហគ្រាស នោះ។
បន្ថែមពីនេះ, សម្ដេចបវរធិបតី ក៏បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បាន និងកំពុងជួយដល់ប្រជាពលរដ្ឋជាច្រើន ហើយប្រជាពលរដ្ឋកំពុងទទួលបានផលជាក់ស្ដែងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តួយ៉ាង បណ្ណ ប.ស.ស. បានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋយ៉ាងច្រើន ដោយប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណ ប.ស.ស.ដើម្បីទៅពិនិត្យសុខភាព និងព្យាបាលជំងឺ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូ ហើយបន្ថែមពីនេះ បណ្ណ ប.ស.ស. ក៏អាចជួយដល់កម្មករនិយោជិត ពេលមានគ្រោះថ្នាក់ការងារ ហើយបើសិនជាមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់សមត្ថភាពក្នុងការបំពេញការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំបណ្ដុះបណ្ដាលជំនាញដើម្បីអាចជួយលើកកម្ពស់ជីវភាពផងដែរ ។
មុននឹងបញ្ចប់, សម្ដេចបវរធិបតី ក៏បានឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរោងចក្រ សហគ្រាស រួមសហការគ្នាក្នុងការលើកកម្ពស់សុខភាពទារក និង កុមារ ព្រមទាំងរៀបចំជាការបណ្ដុះបណ្ដាលដល់កុមារនៅតាមទារកដ្ឋាននីមួយៗ ផងដែរ៕







-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
PR NEWS4 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា3 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន1 day agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត