ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ «មានមនុស្សមួយចំនួនតូចជាពិសេសក្រុមប្រកាន់មនោគមវិជ្ជាជ្រុលនិយមហួសហេតុហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យ»
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។
ឯកឧត្តមបានថ្លែងថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិចក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើមតិយោបល់ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើនអាចយកទៅពិចារណាដើម្បីជាធាតុចូលឬដោះស្រាយតាមការជាក់ស្តែង។ ប៉ុន្តែ ប្រសិនបើមតិយោបល់នោះមិនសមហេតុផលឬគ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួនដូចដែលក្រុមមនុស្សមួយចំនួនបានធ្វើ គ្មានការចាំបាច់ដែលត្រូវលើកយកមកពិចារណាឡើយ។
បើតាម ឯកឧត្តម ប៉ែន បូណា នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយមហួសហេតុ ហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យនេះ ដោយពួកគេហៅខ្លួនឯងថា «អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើផ្ទុយស្រឡះពីគន្លងប្រជាធិបតេយ្យ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោតតែបែរជាដេញអ្នកឈ្នះឆ្នោតឱ្យចុះចេញពីតំណែង។ ពួកគេកៀរគរមនុស្សមួយចំនួនតូចដែលពេលខ្លះមិនដល់១%ផង ឱ្យធ្វើបាតុកម្មហើយដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំងក្រៅច្បាប់ដែលហៅថា ចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ឯកឧត្តមបន្តថក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបង្កើតឡើងដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀងទាំងនោះតែងយករឿងអវិជ្ជមានតិចតួចដែលកើតឡើងក្នុងសង្គមទៅធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃសភាពការណ៍ទូទាំងប្រទេសដោយមិនខ្វល់ទាល់តែសោះពីចំណុចវិជ្ជមានដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាលសម្រេចបាន។
ឯកឧត្តម ប៉ែន បូណា រម្លឹកថា ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់យន្តការបោះឆ្នោតដោយគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋភាគច្រើន និងគោរពច្បាប់កម្ពុជា។ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ពីប្រជាពលរដ្ឋមានការទទួលខុសត្រូវខ្ពស់និងមានគោលនយោបាយដែលត្រូវអនុវត្តតាមការសន្យាជាមួយម្ចាស់ឆ្នោត ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបង្កភាពវឹកវរក្នុងសង្គមតាមទំនើងចិត្តបានឡើយ។
ឯកឧត្តមបញ្ជាក់ថា៖«ដូច្នេះ សូមអ្នកវង្វេងប្រជាធិបតេយ្យទាំងឡាយយល់ឱ្យច្បាស់និងគួរតែប្រញាប់កែខ្លួនជាបន្ទាន់ ពោលគឺ កែរបៀបធ្វើការឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ ត្រូវកែឈ្មោះដោយមិនត្រូវតាំងខ្លួនជា «អ្នកប្រជាធិបតេយ្យ» ទៀតទេ ពីព្រោះអំពើរបស់អ្នកមិនឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យឡើយ តែវាគឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ»៕






-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព