ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងក្រសួងរ៉ែនិងថាមពល សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែនិងថាមពល»
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែនិងថាមពល» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានជម្រាបជូនអង្គសិក្ខាសាលាអំពីការកកើតនៃក្រសួងរ៉ែនិងថាមពល ព្រមទាំងមានការលើកឡើងថា “អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងរ៉ែនិងថាមពល បានរៀបចំរួចរាល់ និងបានរៀបចំជូនក្រសួងមុខងារសាធារណៈ នូវរបាយការណ៍ពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដែលបានកែសម្រួលតាមសេចក្តីព្រាងសារាចរស្តីការកំណត់មុខងារក្រសួង ស្ថាប័នក្នុងអង្គនីតិប្រតិបត្តិ។ ក្រសួងក៏បានរៀបចំរួចរាល់នូវអនុក្រឹត្យពាក់ព័ន្ធការកំណត់មុខងារ និងរចនាសម្ព័ន្ធអង្គភាពចំណុះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។”

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “ជាលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងរ៉ែនិងថាមពល ទោះបីយើងខ្ញុំមានការបង្កើតមុខងារ និងភារកិច្ចថ្មីៗនៅក្នុងអង្គភាពនៃក្រសួង ប៉ុន្តែក្រសួងបានខិតខំរៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ពង្រឹងជាជាងពង្រីក» និង«រៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ»។” “ដើម្បីធានាដល់ការប្រព្រឹត្តទៅរបស់ក្រសួង មានប្រសិទ្ធភាព និងប្រសិទ្ធផល យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពលទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមគ្រប់ដំណាក់កាលបន្តបន្ទាប់ខាងមុខ ដើម្បីឈានដល់ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងរ៉ែនិងថាមពល ឱ្យបានរួចរាល់” ឯកឧត្តមរដ្ឋមន្ត្រី បានប្តេជ្ញាចិត្តជូនអង្គសិក្ខាសាលា។

សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន