ព័ត៌មាន
កម្ពុជាប្រារព្ធទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ក្រោមប្រធានបទ«ការផ្លាស់ប្ដូរឆ្ពោះទៅរកការរស់នៅប្រកបដោយចីរភាព»
អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ បានរៀបចំនូវទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ក្រោមប្រធានបទ៖ “ការផ្លាស់ប្ដូរឆ្ពោះទៅរក ការរស់នៅប្រកបដោយចីរភាព” ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។
លោកជំទាវ ចម និម្មល នៅក្នុងពិធីបើកកម្មវិធី នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជំរុញការបង្កើតទីផ្សារប្រកបដោយសុចរិតភាពនិងតម្លាភាព។ លោកជំទាវ បានបន្តថា កម្ពុជា ក៏ជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍយន្តការការពារអ្នកប្រើប្រាស់ ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម តាមរយៈគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានអភិវឌ្ឍលិខិតបទដ្ឋានគតិយុត្ត និងយន្តការនានាជាច្រើន ដើម្បីធានាថា សិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់ត្រូវបានការពារ និងលើកកម្ពស់។
លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា បន្ទាប់ពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ដោយមាន កិច្ចសហការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជននៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយន្តការជាក់លាក់ ដើម្បីការពារអ្នកប្រើប្រាស់ មានដូចជា៖ការកសាងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនការការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់, ការជំរុញការប្រកួតប្រជែងដោយសុចរិត និងការធ្វើសកម្មភាពធុរកិច្ចជាមួយគ្នាដោយមានទំនុកចិត្ត និងកិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍគោលនយោបាយការពារអ្នកប្រើប្រាស់ឱ្យកាន់តែ មានប្រសិទ្ធភាព។
នៅក្នុងអង្គពិធីនេះ លោក Jost KADEL ភារធារីស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានលើកឡើងថា អាល្លឺម៉ង់នៅតែបន្តប្តេជ្ញា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងប្រទេសកម្ពុជា ដើម្បីពង្រឹងសិទ្ធិអ្នកប្រើប្រាស់ លើកកម្ពស់ការយល់ដឹងសាធារណជន និងកសាងយន្តការដោះស្រាយប្រកបដោយប្រសិទ្ធិភាព ដែលផ្តល់សិទ្ធិអំណាចអ្នកប្រើប្រាស់ក្នុងការរុះរកភាពស្មុគស្មាញនៃសេដ្ឋកិច្ចទំនើប ស្របពេលដែលកំពុងទទួលយកការរស់នៅប្រកបដោយនិរន្ត៍រភាព។
សូមបញ្ជាក់ថា កម្មវីធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់ និងការរស់នៅប្រកប ដោយចីរភាព ដោយបានបង្កើតជាវេទិកាកិច្ចពិភាក្សាតុមូល និងបទបង្ហាញពីអ្នកជំនាញពាក់ព័ន្ធ។ ក្នុងនោះផងដែរ កិច្ចពិភាក្សាតុមូលទី១ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ “ការប្រើប្រាស់ប្រកបដោយចីរភាព និងការអនុវត្តធុរកិច្ច ប្រកបដោយបរិយាបន្ន” ដែលត្រូវបានចូលរួមពិភាក្សាពីវាគ្មិនជាតំណាងវិស័យឯកជនក្នុងវិស័យ និងអ្នកច្បាប់ ផងដែរ។ ក្នុងកិច្ចពិភាក្សាទី២ បានផ្តោតទៅលើ “សិទ្ធិរបស់អ្នកប្រើប្រាស់នៅកម្ពុជានាពេលអនាគត” ដែលបានលើកឡើង អំពីចក្ខុវិស័យរយៈពេលវែងសម្រាប់ការការពារអ្នកប្រើប្រាស់និន្នាការ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្ត សិទ្ធិរបស់អ្នកប្រើប្រាស់ និងយុទ្ធសាស្រ្តដើម្បីបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់ និងលទ្ធភាពទទួលបានយន្តការ ដោះស្រាយ។ កិច្ចពិភាក្សានេះក៏បានណែនាំអំពីកម្មវិធីដាក់ពាក្យបណ្តឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ពោលគឺ CCF Complaint App ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព