ព័ត៌មាន
មកស្គាល់ពីប្រទេសអារូបា ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកម្ពុជា
កម្ពុជា នឹងបើកពហុកីដ្ឋានជាតិ(អូឡាំពិក)ទទូលក្រុមបាល់ទាត់ធ្វើដំណើរមកពីមហាសមុទ្រអាត្លង់ទិចខាងជើង អារូបា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ការប្រកួតមិត្តភាពអន្តរជាតិ (FIFA DAY)។
ដោយអាចមានបងប្អូនប្រជាជនកម្ពុជាយើងមួយចំនួន មិនធ្លាប់ដឹង លឺ និងស្គាល់ប្រទេសនេះ ហើយដោយក្រុមជម្រើសជាតិ ត្រូវប្រកួតជាមួយផង ថ្ងៃនេះ BTV News សូមណែនាំជួន។

អារូបា គឺជារដ្ឋដែនដីកោះស្ថិតក្រោមអធិបតេយ្យរបស់ព្រះរាជាណាចក្រហូឡង់ មានទីតាំងនៅសមុទ្រការ៉ាអ៊ីបខាងត្បូងនៃមហាសុទ្រអាត្លង់ទិចខាងជើង ចម្ងាយ២៩គីឡូម៉ែត្រខាងជើងឧបទ្វីបប៉ារ៉ាហ្កាណានៃប្រទេវេណេស៊ុយអេឡា និង៨០គីឡូម៉ែត្រភាគពាយព្យប្រទេសដែនកោះហូឡង់មួយទៀត ក្យួរ៉ាសាវ។

អារូបា ឆ្នាំ១៩៨៦ បានក្លាយជាដែនដីកោះស្វយ័តពីព្រះរាជាណាចក្រហូឡង់ ដោយមានឈ្មោះផ្លូវការប្រទេសអារួបា រឺ Country of Aruba ប៉ុន្តែកិច្ចការមួយចំនួនដូចជាការបរទេសនិងការពារជាតិនៅក្រោមហូឡង់ចាត់ចែង។
ដោយមានប្រជាជនសរុបជាង១១ម៉ឺននាក់ ជិត៨០%ជាជនជាតិដើមហូឡង់ និងភាគច្រើនប្រើភាសាប៉ាពៀមិនតូ និងហូឡង់ផ្លូវការ ប្រទេសដែនដីកោះមួយនេះមានទំហំ១៨០គីឡូម៉ែត្រក្រឡា និងទីក្រុងឈ្មោះ អូរែនជឺស្តាត រឺប្រជាជននៅទីនោះតែងហៅថា ផ្លាយ៉ា និងជាកន្លែងទេសចរណ៍ដ៏ទាក់ទាញលើពិភពលោក។

នយោបាយអារូបាកើតឡើងក្នុងក្របខ័ណ្ឌ សភា(ស្តេតិន)ដែលមានសមាជិក២១រូបបោះឆ្នោតរៀងរាល់បួនឆ្នាំ និងគណៈរដ្ឋមន្ត្រី៨រូប។ អគ្គទេសាភិបាលអារូបាត្រូវបានតែងតាំងដោយមហាក្សត្រហូឡង់ក្នុងអាណត្តិ៦ឆ្នាំ។ ចំណែកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ត្រូវជ្រើសតាំងដោយសភាស្តេតិន ៤ឆ្នាំម្ដង។
បច្ចុប្បន្នប្រមុខរដ្ឋរបស់ប្រទេសអារូបាគឺព្រះមហាក្សត្រ Willem-Alexander នៃព្រះរាជាណាចក្រហូឡង់ អគ្គទេសាភិបាលគឺឯកឧត្ដម Juan Alfonso Boekhoudt និងលោកជំទាវ Evelyn Wever-Croes ជានាយករដ្ឋមន្ត្រី។

មកចាប់អារម្មណ៍ផ្នែកកីឡារបស់ប្រទេសកោះដ៏តូចច្រឡឹងនេះវិញម្ដង។
សម្រាប់កីឡាដែលមានប្រជាប្រិយបំផុតនៅអារូបាគឺបាល់ទាត់ បាល់បោះ បេស្បល់ និងបាល់ទះ ព្រមទាំងសម្មភាពកីឡានានាទាក់ទងនឹងទេសចរណ៍ដែលជាវិស័យចម្បងក្នុងសេដ្ឋកិច្ច។ អារូបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកតាំងពីឆ្នាំ១៩៨៨។

ដោយឡែកសម្រាប់កីឡាបាល់ទាត់ ក្រុមបាល់ទាត់ជម្រើសជាតិអារូបា ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អារូបាត្រូវបង្កើតឡើងនៅឆ្នាំ១៩៣២ ហើយបានក្លាយជាសមាជិកសហភាពបាល់ទាត់សមុទ្រការ៉ាអ៊ីប(CFU) សហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្ដាល និងការ៉ាអ៊ីប(CONCACAF ) និងសហ័ន្ធបាល់ទាត់អន្តរជាតិ (FIFA) តាំងពីឆ្នាំ១៩៨៨។
ក្រៅពីក្រុមបាល់ទាត់ជម្រើសជាតិបុរស អារូបាមានជម្រើសជាតិនារី និងក្រុមបាល់ទាត់ជម្រើសជាតិយុវជន និងយុវនារីអាយុក្រោម១៣ឆ្នាំ ១៥ឆ្នាំ ១៧ឆ្នាំ ២០ឆ្នាំ និងអាយុក្រោម២១ឆ្នាំ។
អារូបាមានលីគអាជីពបាល់ទាត់៣កម្រិតគឺលីគកំពូលមានឈ្មោះថា Aruban Division di Honor ដែលមាន១០ក្លឹបចូលរួម Division One និង Division Two។ ប្រទេសនេះក៏មានលីគបាល់ទាត់នារី និងយុវជនផងដែរ។ ក្រៅពីនេះក៏រៀបចំឱ្យមានការប្រកួតប្រចាំប្រទេសដែលមានឈ្មោះ Copa Betico Croes។
បច្ចុប្បន្នជម្រើសជាតិអារូបា ឈរនៅចំណាត់ថ្នាក់លេខ១៩៥លើពិភពលោក ក្រោមកម្ពុជា១៥លេខ។ ចំពោះសមាសភាពកីឡាករ ដែលត្រូវបានលោក Marvic Bermúdez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា កោះហៅមកជួបក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី២៥ ខែមីនា ភាគច្រើនជាកីឡាករកំពុងប្រកបអាជីពនៅប្រទេសហូឡង់ ហើយមាន ៥រូបប៉ុណ្ណោះ ដែលលេងនៅលីគអារូបា និងមាន ២រូបប្រកបអាជីពនៅអង់គ្លេស និងអាល្លឺម៉ង់។
ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលប្រមាណ ១០ប្រកួតចុងក្រោយ ក្រុមមកពីទ្វីបអាមេរិកខាងត្បូងមួយនេះ មិនធ្លាប់ទទួលបានជ័យជម្នះឡើយ ដោយស្គាល់ស្មើម្ដងគត់ ក្រៅពីនោះ សុទ្ធតែរងបរាជ័យ គ្រាដែល ២ប្រកួត កាលពីចុងឆ្នាំ២០២៤ គឺបានចាញ់ក្រុម ព័រតូរីកូ ដោយលទ្ធផល ៥-១ និងចាញ់ក្រុមសាំងម៉ារតាំង ១-០ ក្នុងពានរង្វាន់ CONCACAF Nations League៕










-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
PR NEWS4 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា3 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន7 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន7 days agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត