Connect with us

ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព

កណ្ដាល៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការរីកចម្រើនរបស់វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃការអប់រំសិក្សា។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលនឹងខិតខំគ្រប់លទ្ធភាព ដើម្បីធ្វើទំនើបកម្មនៅតាមសាលាទាំងអស់តាំងពីថ្នាក់មូលដ្ឋាន ជាពិសេសត្រូវឱ្យសិស្សចេះប្រើប្រាស់ កុំព្យូទ័រ និងបច្ចេកវិទ្យានានាតាំងពីថ្នាក់បឋមឡើងទៅ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខសុវត្ថិភាពគឺជាកត្តាសំខាន់សម្រាប់ការសិក្សារបស់សិស្សានុសិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍទូទាំងប្រទេស។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរសមត្ថកិច្ចដែលបានខំដោះស្រាយបញ្ហាសន្តិសុខ ពិសេសការឃាត់ខ្លួនចោរឆក់ការបូបអ្នកផលិតមាតិកាលើបណ្ដាញសង្គមបរទេសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បានឆាប់រហ័ស។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងធនធានមនុស្សគឺមានសារៈសំខាន់ណាស់សម្រាប់ជាតិ និងគ្រួសារ។ ប្រសិនបើយើងគ្មានធនធានមនុស្ស គ្មានសមត្ថភាពនោះទេយើងត្រូវពឹងពាក់លើគេ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ នៅក្រោយការរលំដួលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម យើងពឹងផ្អែកច្រើនលើអ្នកជំនាញការបរទេសឱ្យមកជួយកសាងអភិវឌ្ឍកម្ពុជា។ កម្ពុជាបានប្រឹងប្រែងជាបន្តបន្ទាប់អភិវឌ្ឍសមត្ថភាពខ្លួនឯងដល់បច្ចុប្បន្ន ដែលធ្វើឱ្យយើងប្រើប្រាស់ធនធានមនុស្សក្នុងប្រទេសគ្រប់កន្លែងទាំងអស់ ចំពោះអ្នកជំនាញការបរទេសមាននៅសល់តិចតួចប៉ុណ្ណោះ។

-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តតាមគោលនយោបាយការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងសាលារៀន ពង្រាយសាលាឱ្យបានច្រើនដល់មូលដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីបង្កការងាយស្រួលដល់កូនចៅប្រជាពលរដ្ឋបានចូលរៀនសូត្រគ្រប់ៗគ្នា។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីពង្រឹងគុណភាពអប់រំត្រូវពង្រឹងលើបរិមាណ និងគុណភាព។ បរិមាណ គឺត្រូវធ្វើយ៉ាងណាឱ្យសិស្សនៅគ្រប់ទីកន្លែងទូទាំងប្រទេសបានចូលរៀនសូត្រទាំងអស់គ្នា និងត្រូវរៀនសូត្រឱ្យបានចំណេះដឹងខ្ពង់ខ្ពស់កាន់តែច្រើន។ ចំពោះគុណភាព គឺផ្ដោតទៅលើការធ្វើទំនើបកម្មកម្មវិធីសិក្សា និងកែទម្រង់នៅក្នុងវិស័យអប់រំជាបន្តបន្ទាប់។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេល ១០ឆ្នាំនេះ សិស្សថ្នាក់មធ្យមសិក្សាកើនដល់ ៤០ ម៉ឺននាក់ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងមានសាលារៀនច្រើននៅតាមមូលដ្ឋានភូមិឃុំ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា ខិតខំពង្រឹងគុណវុឌ្ឍិរបស់លោកគ្រូ អ្នកគ្រូ ខណៈដែលលោកគ្រូ អ្នកគ្រូ ត្រូវខិតខំសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីគុណភាពនៃការបង្រៀន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រាយគ្រូដល់តំបន់ជនបទ គឺសំខាន់ណាស់ មានគ្រូ អាចបង្រៀនបានគ្រប់ទីកន្លែង តែអត់គ្រូទោះមានអគារសិក្សាល្អៗយ៉ាងណាក៏ដោយ គឺការរៀនសូត្រមិនអាចដំណើរការទៅបាននោះឡើយ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងខែមេសាឆ្នាំ២០២៥នេះ ប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទនឹងត្រូវបើកសរុបនៅដើមខែមុនចូលឆ្នាំខ្មែរ គឺមិនបើកចំនួន២លើកដូចកន្លងមកនោះឡើយ។ ចំពោះប្រាក់ឧបត្ថម្ភចំនួន ៥០០០០រៀលសម្រាប់ចូលឆ្នាំ ក៏នឹងត្រូវបើករួមជាមួយនឹងប្រាក់ខែផងដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភនេះបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការ មិនដូចការលើកឡើងរបស់ពួកជ្រុលនិយមនោះទេ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្ដេចតែងតែចុះជួបប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយផ្ទាល់នៅតាមមូលដ្ឋានដោយមិនបានប្រាប់ជាមុន ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងបន្តពង្រឹងគុណភាព​អប់រំ​ចាប់​ពី​ថ្នាក់​ទី១ ដល់ទី១២ ដោយត្រូវពង្រឹងទាំងចំណេះដឹងឱ្យបានច្បាស់លាស់ និងពង្រឹង​លើ​ឥរិយាបថ​សម្រាប់​រស់នៅក្នុងសង្គម។ ការពង្រឹងចំណេះដឹងឱ្យបានច្បាស់លាស់ គឺត្រូវពង្រឹង ដោយ​ធ្វើ​យ៉ាងណានៅក្រោយរៀនចប់ ត្រូវមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារនានា ដើម្បីចិញ្ចឹមជីវិត។ ចំពោះការពង្រឹងឥរិយាបថ គឺត្រូវពង្រឹងបែបបទសុជីវធម៌ សីលធម៌ឱ្យបានល្អ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការពង្រឹងចំណេះដឹង និង​ឥរិយាបថ​នេះបច្ចុប្បន្នរាជរដ្ឋាភិបាលផ្ដោតលើបឋមសិក្សាជាមុន។

-សម្ដេចធិបតី៖ ការនិយាយរបស់សម្ដេចនាពេលនេះខុស​ពីការនិយាយពីដើម​អាណត្តិ នៃ​រដ្ឋាភិបាល​ដោយសារ​រាជរដ្ឋាភិបាល​បានធ្វើ​ច្រើន​កសាងច្រើន និង​សមិទ្ធផល​កើត​ឡើង​ជា​ច្រើន​។ សម្ដេច​បានបញ្ជាក់​ថា​ ការ​និយាយនេះ​គឺ​ដើម្បី​ចែក​រំលែក និង​លើក​ទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា និងសិស្សានុសិស្ស។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការអប់រំសិក្សា ១-អភិបាលកិច្ច, ២-ឥរិយាបទ, ៣-ការយកចិត្តទុកដាក់លើសុខភាពសិស្ស និង៤- ការចូលរួមរបស់អាណាព្យាបាល និងសហគមន៍

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កត្តាដែលជះឥទ្ធិពលដល់មនុស្សមាន៣ គឺក្នុងសាលា, នៅផ្ទះ និងបរិស្ថានសង្គម។ បើកត្តាទាំង៣នេះផ្ដល់ភាពវិជ្ជមាន នាំឱ្យមនុស្សទទួលបានផលវិជ្ជមាន និងធ្វើឱ្យសង្គមទាំងមូលស្ថិតក្នុងគន្លងផ្លូវល្អ។ បើកត្តាទាំង៣ នេះផ្ដល់ភាពអវិជ្ជមាន នាំឱ្យ​មនុស្ស​ទទួល​បាន​ផល​អវិជ្ជមាន និង​ធ្វើ​ឱ្យសង្គមទាំងមូលស្ថិតក្នុងគន្លងផ្លូវមិនល្អ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀន នាំ​ខូច​អនាគត​ខ្លួន ជាពិសេស​ឪពុកម្ដាយខូចចិត្ត ដែលបានខិតខំលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូន ចង់ឃើញ កូនបានល្អ តែមិនបានដូចបំណងប្រាថ្នា។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គ្រោងនឹង​ចុះទៅពិនិត្យ​តាម​មណ្ឌល​សុខភាព​​នានា​ដោយមិនប្រាប់ឱ្យដឹងជាមុននោះឡើយ ដើម្បីតាមដានលើសេវាទទួល​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ២៤ម៉ោងលើ ២៤ម៉ោងនៅតាមមូលដ្ឋាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអ្នកសិក្សា និងអ្នកបំពេញការងារនានា គួរមាន​ពេល​ធ្វើ​សមាធិ ដែលជាវិទ្យាសាស្ត្រមួយនៅក្នុងការពង្រឹងស្មារតី រំងាប់អារម្មណ៍មិនល្អ និងមាន​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ ដែលធ្វើឱ្យការសិក្សា ការបំពេញការងារទទួលបានផលល្អ នៅ​បន្ទាប់​ពី​ការ​ធ្វើសមាធិ​។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីពលរដ្ឋមានសុខភាពល្អ គឺគ្រូពេទ្យត្រូវពិនិត្យវាយតម្លៃលើអ្នកជំងឺឱ្យត្រូវតាមស្ថានភាពរបស់អ្នកជំងឺ ពង្រឹងគុណភាពសុខាភិបាលឱ្យកាន់តែប្រសើរ និងត្រូវបង្ការកុំឱ្យឈឺ។

 

ប្រសាសន៍សម្ដេចធិបតីចប់នៅម៉ោង ១០និង៣៤នាទី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia