Connect with us

ព័ត៌មាន

សម្ដេចប្រធានរដ្ឋសភា៖ សុខុដុមនីយកម្មសាសនាជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ

ភ្នំពេញ៖សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សុខុដុមនីយកម្មសង្គម ដែលក្នុងនោះរួមមានការលើកកម្ពស់ការយល់ដឹងនូវអន្តរសាសនា និងការអត់ឱន ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងអភិវឌ្ឍន៍ជាតិ។ ក្រោមម្លប់សុខសន្តិភាពកម្ពុជាមានសុខុដុមនីយកម្មសាសនា ធ្វើឱ្យកម្ពុជាមានវិបុលភាព សន្តិភាព និងសុខុដុមរម្យនា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តមប្រធាន អញ្ជើញមកពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជា នៅព្រះរាជាណាចក្រកម្ពុជាដែលបានប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ពិធីអាហារស្រាយបួសនេះ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សាមគ្គីភាព ការគោរពគ្នា និងការយល់យោគគ្នាក្នុងចំណោមសហគមន៍ដែលមានជំនឿសាសនាចម្រុះ ហើយវត្តមានរបស់ឯកឧត្តមនាប្រធានរដ្ឋសភាម៉ាឡេស៊ីនៅក្នុងឱកាសនេះ កាន់តែញុំាងឱ្យស្មារតីនេះកាន់តែមានភាពបរិយាបន្ន ។ សម្តេចរដ្ឋសភាធិបតី ក៏មានចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាការងារជាថ្មីជាមួយ ឯកឧត្តមតាន់ ស្រ៊ីដាតូ ហ្សូហារី អាប់ឌុល បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមករាកន្លងទៅនេះ។

ការរៀបចំពិធីអាហារស្រាយបួសនេះ គឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាំងពីពេលដែលសម្តេចនៅជានាយករដ្ឋមន្រ្តី ក្នុងគោលបំណងលើកកម្ពស់ សាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្តល់ឱកាសសម្រាប់សាសនិកឥស្លាមទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្ម វិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ការរៀបចំពិធីអាហារស្រាយបួសរបស់កម្ពុជាកន្លងមក មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានរដ្ឋសភាថៃ ឯកឧត្តម Wan Muhamadnoor Matha តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) និង អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជិតខាងជាច្រើនបានមកចូលរួមជាច្រើនបានមកចូលរួមផងដែរ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថាវត្តមានឥស្សរជននយោបាយនិងថ្នាក់ដឹកនាំបរទេស ក្នុងពិធីអាហារស្រាយបួសនៅកម្ពុជាមិនត្រឹមជាការបង្ហាញពីសាមគ្គីភាពសាសនានៅកម្ពុជាប៉ុណ្ណោះតែជាសាមគ្គីភាពសាសនាក្នុងតំបន់និងអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា “ខ្ញុំជឿជាក់ថា មានតែការទទួលយកនូវភាពខុសគ្នា និងការផ្តល់តម្លៃនូវភាពចម្រុះទេ ទើបយើងអាចធ្វើឱ្យសង្គមជាតិមួយ មានវិបុលភាព សន្តិភាព និងសុខុដុមរម្យនា”។

ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តម បានថ្លែងអំណរគុណនិងចាត់ទុកជាកិត្តិយសធំធេងដែលបានអញ្ជើញចូលរួមពិធីពិសារអាហារស្រាយបួសនៅកម្ពុជា ដែលបានរៀបចំឡើងយ៉ាងអធិកអធម និងទាក់ទាញជាទីបំផុត អ្នកមានចូលរួមប្រមាណ៦ ០០០នាក់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថានៅក្នុងឱកាសនោះ ឯកឧត្តមបានជួបពិភាក្សា ផ្លាស់ប្តូរទស្សនយោបល់យ៉ាងជាច្រើនជាមួយ សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធី ទំាងឥស្លាមសនិក និងពុទ្ធសាសនិកនិងសាសនាផ្សេងៗទៀត។ ពលរដ្ឋទំាងអស់បានធ្វើដំណើរ ពីខេត្តផ្សេងៗគ្នាដើម្បីចូលរួមកម្មវិធីនេះ ដោយសារចង់ឃើញ ចង់ជួប ចង់ស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋ។

ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានលើកឡើងថាសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគោរពការស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានថ្លែងការកោតសរសើរវាយតម្លៃខ្ពស់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅលើគ្រប់វិស័យ។

ក្នុងឋានៈជាប្រធានស្ថាប័ននីតិប្បញ្ញតិ្ត សម្តេចប្រធានរដ្ឋសភា កម្ពុជា និងឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាទាក់ទងនឹងអ្វីដែលអាស៊ាន បាននិងកំពុងធ្វើ នៅក្នុងបេសកកម្មរួម ក្នុងការជំរុញការការពារសុខសន្តិភាព និងការជំរុញវិបុលភាពសម្រាប់តំបន់ ក្នុងកាលៈទេសៈដែលស្ថានការណ៍តំបន់ និងពិភពលោក បាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់។ ពោលគឺការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងរិះរកមធ្យោបាយដោះស្រាយបញ្ហាដែលជាកង្វល់ និងប្រយោជន៍រួម ដើម្បីពង្រឹង និងរក្សាបាននូវមជ្ឈភាពអាស៊ាន ឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងតំបន់។

សម្តេចប្រធានរដ្ឋសភាជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបទពិសោធន៍ស៊ីជម្រៅរបស់ម៉ាឡេស៊ី មហាសន្និបាតអាយប៉ាលើកទី៤៦ ដែលរដ្ឋសភាម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ និងជំនួបកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងសម្រេចបានជោគជ័យ ជាពិសេស សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលនឹងរួមចំណែកដ៏ធំធេងដល់ការជំរុញការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព វិបុលភាព ភាពធន់ និងបរិយាបន្ន ស្របតាមមូលបទ “បិរយាបន្ន និងនិរន្តរភាព”។

សម្តេចក៏បានជម្រាប ឯកឧត្តមប្រធានរដ្ឋសភាថា រដ្ឋសភាកម្ពុជាបានកំពុងត្រៀមរៀបចំកិច្ចប្រជុំលើកទី១៦ របស់អ្នកនយោ បាយអាយប៉ា (16 AIPA Caucus) ដែលនឹងប្រារព្ធធ្វើនៅក្នុងខែកក្កដា ពីថ្ងៃទី១៤ ដល់ ១៧ ខែកក្កដា ក្រោមមូលបទ “សន្តិភាព តាមរយៈកិច្ចសន្ទនាៈ មាគា៍របស់សភាឆ្ពោះទៅមុខ (Peace Through Dialogue: Parliamentary Path Forward” ។ សភាកម្ពុជាសូមគោរពអញ្ជើញឯកឧត្តមប្រធានរដ្ឋសភា ចាត់តាំងគណៈប្រតិភូចូលរួមរដ្ឋសភាចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia