ព័ត៌មាន
សម្តេច ឃួន សុដារី៖ រដ្ឋសភា គាំទ្ររាល់ច្បាប់ទាំងឡាយដែលលេីកកម្ពស់ដល់សុខុមាលភាពប្រជាជន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ថ្លែងថា រដ្ឋសភា កម្ពុជាទាំងមូលមានការគាំទ្រខ្ពស់រាល់ច្បាប់ទាំងឡាយដែលលេីកកម្ពស់ដល់សុខុមាលភាពប្រជាជន។
ការថ្លែងរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្ដីពី បម្រែបម្រួលប្រជាសាស្រ្ដ និងជំងឺមិនឆ្លង គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាសកម្មនិងយុវជន នៅវិមានរដ្ឋសភា ដែលមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល, នាយកប្រតិបត្តិ នៃ វេទិកា សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ, តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា, នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី ព្រមទាំងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ សហជីព និងមន្រ្តីជំនាញ។
នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ឆ្លុះបញ្ចាំងពីចាំបាច់នៃកិច្ចសហប្រតិបត្តិការពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធនៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ ដោយសារសុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ទៀតថា មនុស្សគឺជាគ្រឹះសំខាន់បំផុតសម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ ពិសេសក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ចាប់ពីយុគសម័យនៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តរហូតដល់បច្ចុប្បន្ន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបភាពស្វាហាប់ ឈ្លាសវៃ និងពោរពេញដោយថាមវន្ត បានចាត់ទុក “មូលធនមនុស្ស” ជាកត្តាអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺ មនុស្សជាកត្តាអាទិភាពទី ១ ក្នុងចំណោមអាទិភាពចំបង ទាំង ៥ រួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាព ជឿនលឿន និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងបន្តក្លាយខ្លួនជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
ជាមួយគ្នា សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា សភាកម្ពុជាសូមគាំទ្រ និងអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធ-ផល ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធ ភាព និងសមធម៌ នៃសេវាសុខភាព តាមរយៈការបង្កើនកញ្ចប់ថវិកា ការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធសុខាភិបាល និងបង្កើន ការបង្ការហានិភ័យហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវសមធម៌ នៃការផ្តល់សេវាសុខភាពមានគុណភាព ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងទីប្រជុំជន និងនៅជនបទ ជាពិសេសការផ្តល់សេវាជូនស្រ្តីនិងក្មេងស្រី។
សម្តេចប្រធានរដ្ឋសភា បញ្ជាក់ទៀតថា សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងនីតិកាលកន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារជាដើម ដែលជាការបោះជំហានថ្មីមួយថែមទៀត ក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺមិនឆ្លង ដោយប្រើប្រាស់វិធានការបន្ថែមក្នុងវិស័យសុខាភិបាល។
ក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់នឹងអាចរកឃើញនូវវិធីសាស្រ្តនិងយន្តការដ៏មានប្រសិទ្ឋភាព និងជាក់ស្តែង ក្នុងការបង្ការ ការពារ និងទប់ស្កាត់ជំងឺមិនឆ្លង ដើម្បីលើកកម្ពស់សុខភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងប្រទេសនៃតំបន់ និងពិភពលោកទាំងមូល៕


-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ