ព័ត៌មាន
សពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងអដ្ឋិធាតុលោកជំទាវ ច្រឹង គឹមហេន(ភរិយា) ត្រូវបានបញ្ចុះរួចរាល់ក្នុងចេតិយរួមគ្នា នៅវត្តច័ន្ទបុរីវង្ស
នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដែល សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បានយាង និមន្ត និងអញ្ជើញមក ជួបជុំគ្នាក្នុងអារម្មណ៍រន្ធត់ ក្ដុកក្ដួល សោកសៅ ស្រពាប់ស្រពោន និងក្រៀមក្រំយ៉ាងក្រៃលែងនៅក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន បន្ទាប់ពីបានតម្កល់ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធ សាសនាខ្មែរអស់រយៈកាល ៦ថ្ងៃ។
ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ គ្រួសារសព បានរៀបចំពិធីតម្កល់សព និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៣៣៥ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះដល់ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:១១នាទី បានរៀបចំពិធីដង្ហែសព ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ដើម្បីប្រារព្ធពិធីបុណ្យបញ្ចុះសពតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងអដ្ឋិធាតុលោកជំទាវ ច្រឹង គឹមហេន(ភរិយា) ត្រូវបានបញ្ចុះរួចរាល់ក្នុងចេតិយរួមគ្នា នៅវត្តច័ន្ទបុរីវង្ស ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ។
មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់បងបងថ្លៃ បិតា បិតាក្មេកជីតា ជីតាទួត ឪពុកធំ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សាអប់រំ ផ្តល់ដំបូន្មានដល់កូនចៅ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម និងជាវីរកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបម្រើជាតិ សាសនាព្រះមហាក្សត្រ។
ការបាត់បង់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឱ្យបងប្អូន កូន ក្មួយ ចៅ ចៅទួត ញាតិមិត្ត សាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ មានសេចក្តីសោកស្តាយ អាឡោះអាល័យ រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
តាមរយៈវិយោគកថា បានឱ្យដឹងថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (នាមដើម ហ៊ុន ឡុងសាន) កើតនៅថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស.២៤៩២ ត្រូវនឹងទី៦ ខែកក្កដា ឆ្នាំ១៩៤៨ នៅភូមិពាមកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមាន លោកឪពុកនាម ហ៊ុន នាង និងអ្នកម្តាយនាម ឌី ប៉ុក ។ ឯកឧត្តម អ្នកឧកញ៉ា មានបងប្អូនបង្កើត សរុបចំនួន ៦ នាក់ (ស្រី ៣នាក់) ហើយ ឯកឧត្តម អ្នកឧកញ៉ា ជាកូនទី១។
ចំពោះប្រវត្តិនៃការសិក្សា ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ១៩៧០ ឯកឧត្តម អ្នកឧកញ៉ា បានតស៊ូសិក្សារៀន សូត្រនៅសាលាបឋមសិក្សាពាមកោះស្នា ភូមិពាមកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ទាប់មកបានផ្លាស់ប្តូរទីលំនៅមករស់នៅ និងប្រកបរបរធ្វើចម្ការជាមួយលោកឪពុក អ្នកម្តាយ និង ក្រុមគ្រួសារ នៅភូមិចំការថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។
ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានរៀបអាពាហ៍ពិពាហ៍ជាមួយ នឹងលោកជំទាវ ចឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន៥នាក់ (ស្រី៣នាក់) គឺ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់ កូនទី២ ឯកឧត្តម ហ៊ុន ជា កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី។
ចំពោះឋានៈមុខតំណែង ក្នុងការបម្រើជាតិមាតុភូមិ៖ ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ឯកឧត្តម អ្នកឧកញ៉ា រស់នៅក្នុងតំបន់រំដោះនាស្រុកកំណើត។ ក្រោយមកប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ឯកឧត្តម អ្នកឧកញ៉ា និងក្រុមគ្រួសារបានរស់នៅនិងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការស្នេហាជាតិ ឯកឧត្តម អ្នកឧកញ៉ា ត្រូវបានតែងតាំងក្នុងតួនាទី និងមុខតំណែងជាបន្តបន្ទាប់៖
– ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លោកជាយោធាប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
– ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ ត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែ
– ឆ្នាំ១៩៨២ ដល់ឆ្នាំ២០០២ ជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត នៃក្រសួងគមនាគមន៍
– ឆ្នាំ២០០២ ដល់ឆ្នាំ២០១៩ ជាអគ្គនាយករង នៃភ្នាក់ងារកម្ពុជានាវាចរ (កាំសាប)
– ឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឋានៈស្មើ រដ្ឋលេខាធិការ
– ឆ្នាំ២០២២ ជារដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ន។
ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿង ឥស្សរិយយសជាច្រើនជាបន្តបន្ទាប់ រហូតគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់ជាតូបការ ជាពិសេសប្រោសព្រះរាជទានគោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងការបម្រើព្រះពុទ្ធសាសនា និងការងារសង្គម៖ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាអគ្គពុទ្ធសាសនូបត្ថម្ភក៍ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតបានចូលរួមចំណែកកសាងជាតិ បំពេញការងារមនុស្សធម៌ កសាងមូលដ្ឋាន នៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ សាលាឃុំ និងសាលាមត្តេយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កសាង និងឆ្លងសមិទ្ធផលនានា ជាមរតករបស់ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះបានធ្វើឱ្យ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ រាប់អានពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ក្នុងជន្មាយុ៧៨ឆ្នាំ រោគាពាធបានចូលមករុករាន ទន្ទ្រានលើរូបរាងកាយ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទោះបីជាគ្រូពេទ្យជំនាញៗ បានព្យាបាលដោយប្រើប្រាស់ឱសថ វិសេសៗយ៉ាងណាក៏ដោយ ក៏អាការរោគរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ មិនបានធូរស្បើយឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃសុខភាព កម្លាំង ថាមពល របស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋបានចុះខ្សោយជាលំដាប់ ឥតស្រាកស្រាន្ត។ ជាការគួរឱ្យសោកស្តាយពន់ពេកណាស់ ដោយក្រឹត្យក្រមនៃធម្មជាតិមនុស្សសត្វទាំងឡាយក្នុង វាលវដ្តសង្សារ ទោះបីជាបព្វជិតក្តី គ្រហស្ថក្តី សុទ្ធតែស្ថិតក្នុងអំណាចនៃសភាវធម៌ ជរា ព្យាធិ មរណៈ និង អនិច្ចលក្ខណធម៌គឺ អនិច្ចំ ទុក្ខំ អនត្តា មិនទៀង ជាទុក្ខ និងមិនមែនជារបស់ខ្លួនគ្រប់ៗគ្នា។
យ៉ាងណាម៉ិញ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ពុំមានករណីពិសេស ដែលធម្មជាតិត្រូវអនុគ្រោះ ឬលើកលែងបាននោះឡើយ។ រហូតដល់ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២ និង២៧នាទីទៀបភ្លឺ ខ្យល់អស្សាសៈ និងបស្សាសៈ (ដង្ហើមចេញ និងដង្ហើមចូល) បានចាកចេញពីរូបពងកាយរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បាត់អស់សូន្យសុង។
ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើមរណកាលយ៉ាងស្ងប់នៅក្នុងគេហដ្ឋានរបស់ឯកឧត្តម អ្នកឧកញ៉ា ក្នុងជន្មាយុ៧៨ឆ្នាំ ក្រោមដំណក់ទឹកភ្នែក និងការយំសោកស្តាយស្រណោះ អាឡោះអាល័យសេចក្តីរន្ធត់ តក់ស្លុតយ៉ាងពន់ពេកនៃបងប្អូនកូនក្មួយចៅចៅទួត និងញាតិមិត្តសាច់សាររលាហិត។
ការបាត់បង់ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឱ្យបង ប្អូន កូន ចៅ ញាតិមិត្ត សាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ព្រះសង្ឃ និងពុទ្ធ បរិស័ទទូទៅ មានសេចក្តីសោកស្តាយ អាឡោះអាល័យ រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
ជាបច្ឆាកិច្ច ក្រុមគ្រួសារនៃសពដែលជាបង ប្អូន កូនចៅ ញាតិមិត្ត សាច់សារលោហិត បានជូនដំណើសព បង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ត្រឹមតែទីបញ្ចុះសពនេះ ក្នុងក្តីរន្ធត់ តក់ស្លុត ខ្សឹកខ្សួល ស្តាយស្រណោះ អាឡោះអាល័យជាពន់ពេក។ ការបែក ការព្រាត់លើកនេះ ពុំមានឱកាសណាមួយបានវិលមកជួបជុំ ជំនុំ ពិភាក្សាគ្នាបានទៀតឡើយ។ រាល់អនុស្សាវរីយ៍នៃការរួមរស់ដោយកម្សត់កម្ររបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងស្ថិតនៅក្នុងក្រអៅបេះដូងរបស់យើងទាំង អស់គ្នា មិនអាចបំភ្លេចបានឡើយ៕

-
កីឡា7 days ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន22 hours ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន7 days ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន3 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព