ព័ត៌មាន
ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំស្ដីពីការកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI)
បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញសារាចរ ស្តីពី«ការកំណត់មុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។
កិច្ចប្រជុំនារសៀល មានគោលបំណងគាំទ្រដល់ក្រសួង ស្ថាប័នបានពិភាក្សា ផ្លាស់ប្តូរយោបល់ ក៏ដូចជាការប្រមូលធាតុចូលនានា សំដៅដល់ការកំណត់ និងការអនុវត្តមុខងារបញ្ញាសិប្បនិម្មិត (AI)។ បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាដែលកំពុងមានការវិវឌ្ឍយ៉ាងស្រួចស្រាវពេញនិយម ដែលបច្ចេកវិទ្យាទាំងនេះអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិបទរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ការចាប់យកបញ្ញាសិប្បនិម្មិត (AI) ជាស្ថានភាពនៃការអនុវត្តការងារ ក្នុងបរិបទថ្មី ដែលបច្ចេកវិទ្យានេះអាចត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គមដូចជា៖ វិស័យសុខាភិបាល, វិស័យអប់រំ, សេវាសាធារណៈ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, បច្ចេកវិទ្យាម្ហូបអាហារ, សេវាកម្មធនាគារ និងហិរញ្ញវត្ថុ, សន្តិសុខបច្ចេកវិទ្យា Cybersecurity, ភស្តុភារកម្ម និងដឹកជញ្ជូន, ការធ្វើដំណើរ, អចលនទ្រព្យ, ការកំសាន្ត, ផលិតកម្ម, វិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ ជាដើម។
កម្ពុជាកំពុងដើរលើផ្លូវដ៏ស្វាហាប់ និងគិតគូរយ៉ាងហ្មត់ចត់ វែងឆ្ងាយ ដើម្បីចាប់យក និងសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ។ ក្នុងន័យនេះ កិច្ចប្រជុំនាថ្ងៃនេះ ជាការផ្តល់នូវជំហានថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន នានាជាពិសេសក្រសួងសាមី ដែលមានមុខងារប្រទាក់ក្រឡាគ្នា បានជជែកពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI) ក្នុងបរិបទកម្ពុជា។
ក្រោយពីបានស្តាប់បទបង្ហាញ របស់ក្រសួងដែលពាក់ព័ន្ធជាមួយមុខងារបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាមតិយោបល់របស់តំណាងក្រសួង ស្ថាប័នដែលជាសមាជិកអង្គប្រជុំរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ គឺជាអ្នកផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរ របស់រាជរដ្ឋាភិបាលស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិបតិបត្តិ» ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ “ដូច្នេះ ក្រសួង ស្ថាប័ន ត្រូវធ្វើការកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាម វិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យដែលក្រសួង ស្ថាប័នទទួលបន្ទុក” ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្ថែម។
ចេញពីកិច្ចប្រជុំនាពេលនេះ ក្រុមការងារនឹងប្រមូលយកមតិយោបល់ជាធាតុចូល និងឯកសារពាក់ព័ន្ធ នានារបស់ក្រសួងនីមួយៗ ដើម្បីរៀបចំជារបាយការណ៍គោរពជូនថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ពិនិត្យ ផ្តល់អនុសាសន៍ និងសម្រេចដ៏ខ្ពង់ខ្ពស់៕










-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ