ព័ត៌មាន
សហជីព និងសមាគមកាត់ដេរ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលអាចដោះស្រាយបញ្ហាដំឡើងពន្ធរបស់អាមេរិក
បន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសអំពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលពីកម្ពុជាកាលពីដើមខែមេសានេះ មេសហជីព និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអំពាវនាវដល់សមាជិក និងកម្មករនិយោជិត រក្សាភាពស្ងៀមស្ងាត់ ដោយអះអាងថា នឹងបន្ដធ្វើការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យបានឆាប់បំផុត។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្នុងបទសម្ភាសន៍នៅព្រឹកថ្ងៃទី៤ ខែមេសានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ពាក់ព័ន្ធទៅនឹងសេចក្តីប្រកាសតម្លើងពន្ធរបស់ភាគីសហរដ្ឋអាម៉េរិក បញ្ហានេះ មិនមែនមានតែប្រទេសកម្ពុជាតែមួយនោះទេ ពោលគឺទូទាំងពិភពលោកតែម្តង ដូច្នេះការដំឡើងពន្ធនេះបានពិនិត្យឃើញថា គឺជាលក្ខណៈបច្ចេកទេសសុទ្ធសាធ ដែលមិនពាក់ព័ន្ធនូវអ្វីដែលជានិយោបាយ រវាងកម្ពុជា និងអាម៉េរិកនោះឡើយ។
មេសហជីពរូបនេះ បានរៀបរាប់បន្តថា ក្នុងនាមតំណាងកម្មករនិយោជិត លោកជឿជាក់ទៅលើអ្វីដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានឃើញហើយថា ការដឹកនាំរបស់លោកគឺមានដំណើរការ សកម្មភាព ជាពិសេសគឺការទាក់ទាញអ្នកវិនិយោគជាច្រើនដែលបានបន្តមកវិនិយោគនៅកម្ពុជា។ លោកបន្តថា ដូច្នេះបញ្ហាការដំឡើងពន្ធនេះ រាជរដ្ឋាភិបាល លោកមានគោលនយោបាយក្នុងការដោះស្រាយនូវអ្វីដែលជាផលប៉ះពាល់ចំពោះកម្ពុជាផងដែរ ក៏ដូចជាពិភពលោកទាំងមូល ពីព្រោះថា ការដំឡើងពន្ធនេះ បងប្អូនកម្មករមួយចំនួនដែលកំពុងធ្វើការបច្ចុប្បន្ននៅកន្លែងការងារ នឹងមានការព្រួយបារម្ភ ប៉ុន្តែលោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមានគោលនយោបាយដើម្បីសម្របសម្រួលក្នុងកម្រិតណាមួយជាមួយអាម៉េរិក ក៏ដូចជាសម្របសម្រួលកិច្ចការងារផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្ពុជា នឹងមានស្ថិរភាពយូរអង្វែងជាបន្តបន្ទាប់។
ទាក់ទិនបញ្ហាការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិកនេះដែរ ភាគីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា បានលើកឡើងថា ក្នុងកម្រិតដែលបានប្រកាសដំឡើងអត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងវិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឲ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែងប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា ៤៩% វៀតណាម៤៦% និងមីយ៉ាន់៤៥%។ សមាគម TAFTAC បានបន្ថែមថា សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធបាននិងកំពុងបន្តសហការគ្នាលើការកែលម្អរបរិយាកាសវិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឲ្យកាន់តែខ្ពស់បន្ថែមទៀត។
បើតាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ជុំវិញការតម្លើងអត្រាពន្ធគយរបស់ឯកឧត្តមប្រធានាធិបតី ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់មកគឺធុរកិច្ចនៅកម្ពុជា ពីព្រោះថានៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល”។
ទន្ទឹមនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ជនរួមជាតិសូមកុំមានការភ័យបារម្ភ ឬមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងដំណោះស្រាយចំពោះមុខ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការងារនះ ហើយក្រសួង/ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បាននិងកំពុងធ្វើការងារនេះមួយចំនួនរួចមកហើយដើម្បីការពារនូវអត្ថប្រយោជន៍របស់ជាតិ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ជាពិសេសនៅក្នុងឧស្សាហកម្មដ៏លេចធ្លោរបស់កម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ