ព័ត៌មាន
គិតពីឆ្នាំ២០១៨ មកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំថវិកាជូនពលរដ្ឋបានប្រមាណជាង ៧លានដុល្លារ តាមរយៈការផ្ដល់រថយន្តក្រុងជិះដោយឥតគិតថ្លៃ
ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តម និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អនុវត្តទៅតាមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ។ ការដឹកជញ្ជូនដោយអត់គិតថ្លៃនេះ បើគិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំនួន ៥៩៧គ្រឿង ក្នុងចំនួននេះបើមានការខ្វះខាតរដ្ឋបាលរាជធានីភ្នំពេញនឹងបំពេញបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋក្នុងកាត់បន្ថយការចំណាយ។ ការងារនេះមិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ គឺអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ។ បន្ថែមពីលើការងារនេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋផងដែរ ដោយឆ្នាំនេះជំងឺគ្រុនឈាមបានធ្លាក់ចុះ បើទោះបីមូសបានកើនឡើងច្រើនដូចអង្កាមយ៉ាងណាក្តី។ ការធ្លាក់ចុះជំងឺគ្រុមឈាមនេះដោយសារបានបាញ់ថ្នាំសម្លាប់មូសជាប់ជាប្រចាំនៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ រហូតបានទទួលជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងពេញដំណឹងពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់ដែលបានរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យបទល្មើសនានាថយចុះ។ ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប្រជាពលរដ្ឋអបអរសាទរចំពោះការរៀបចំសង្ក្រាន្តវត្តភ្នំនាឱកាសបុណ្យចូលឆ្នាំនេះ។ ប្រជាពលរដ្ឋ ក៏បានអបអរសាទរនៃការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោផងដែរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា