ព័ត៌មាន
កម្ពុជា-ចិនចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ច្បាប់ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ កិច្ចព្រមព្រៀងនិងកិច្ចសន្យា ចំនួន ៥ ច្បាប់ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីក ហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការ ដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខា លើកិច្ច ព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រួមជាមួយ លោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)។
កិច្ចព្រមព្រៀងនិងកិច្ចសន្យាទាំង៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានចុះហត្ថលេខា នោះរួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទាន ធ្វើជា តំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
គម្រោងខាងលើនេះ ត្រូវបានអនុវត្តក្រោមការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ គឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព ក្រោមគំនិត ផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ក៏ដូចជាក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហ- គមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី និងត្រូវបានរំពឹងទុកថា នឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា ហើយនេះ ជាការបោះជំហានដ៏សំខាន់ ក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។
នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ រំពឹងថា នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាព ងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីការដឹកជញ្ជូន គម្រោងនេះរួម បញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថា នឹងបង្កើនផលិតភាព កសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។
គួររម្លឹកដែរថា “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះបច្ចុប្បន្ន បាននិងកំពុង អនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រ សម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។ គម្រោងនេះ ត្រូវប្រារព្ធពិធី បើកការដ្ឋានជាផ្លូវការ យ៉ាងមហោឡារិក និងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ធិបតីនាយករដ្ឋមន្ត្រី គម្រោងព្រែកជីកនេះ គ្រោងស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ