ព័ត៌មាន
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
កំពង់ឆ្នាំង៖ ក្រោយពីចុះពិនិត្យនៅចំណុចចាក់ដីចូលទន្លេសាប ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងក្រុមការងារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាអោយតំណាងក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញភ្លាមពីទន្លេទន្លេសាបអោយអស់ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះតទៅ ដោយសារសកម្មភាពនេះផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនទឹកស្អាតអានកូថា៖ ការចាក់ដីចូលទន្លេសាបចំងាយពីច្រាំង៧០ម៉ែត្រនេះ ក្នុងគោលបំណងការពារម៉ាស៊ីនបូមទឹក ដែលមានការរំខានពីដើមកំប្លោក និងភាពល្អក់កករនៃទឹក និងខ្លាចខ្វះទឹកអោយប្រជាជនលេងចូលឆ្នាំជាដើម ពុំមានចេតនារំលោភយកទន្លេសាបជាកម្មសិទ្ធិនោះទេ។
អង្គប្រជុំដែលមានអាជ្ញាធរទន្លេសាបជាប្រធាន បានបញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូ កាយដីទំនប់ដែលបានចាក់ចូលក្នុងទន្លេសាបប្រវែង៧០ម៉ែត្រចេញវិញអោយអស់ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥តទៅ ដោយសារសកម្មភាពចាក់ដីចូលទន្លេនេះ វាផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា។
តំណាងក្រុមហ៊ុនទឹកស្អាតទឹកស្អាត បានស្នើសុំអង្គប្រជុំទៅដើមសប្តាហ៍ក្រោយ ដោយមានហេតុផលថា បើកាយដីទំនប់នេះចេញ នឹងនាំអោយប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនក្រុងកំពង់ឆ្នាំង ហើយអង្គប្រជុំបានសម្របសម្រួលអោយក្រុមហ៊ុនទឹកស្អាតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ត្រូវទៅចូលរួមប្រជុំលក្ខណៈបច្ចេកទេស នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ដោយឡែកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារនឹងចុះពិនិត្យទីតាំងជាក់ស្តែងម្តងទៀត ដើម្បីសម្រេចការសម្រួលលក្ខណៈបច្ចេកទេស។
ប្រជាពលរដ្ឋបានអរគុណដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំងដែលបានចំណាត់ការរឿងនេះទាន់ពេលវេលា និងអោយកាយចេញអោយអស់។ ពួកគាត់បន្តថា ប្រសិនបើចង់បានទឹកល្អអោយប្រជាពលរដ្ឋប្រើប្រាស់ ហេតុអ្វីមិនសុំច្បាប់តទុយោបូមពីទន្លេទី២មក សូម្បីតែខាងជំនាញក៏ធ្លាប់ផ្តល់យោបល់បែបនេះដែរ ព្រោះទន្លេទី២មានទឹកស្អាតល្អ មិនកខ្វក់ដូចទន្លេមួយនេះទេ។ ម្យ៉ាងទៀតថាខ្លាចដើមកំប្លោក ថាតើទន្លេណាមួយគ្មានដើមកំប្លោក? តើគ្មានវិធីសាស្ត្រ ក្រៅពីការចាក់ដីចូលទន្លេនោះទេ? ។ មួយទៀតដើម្បីការពារម៉ាស៊ីនបូមទឹក តែប្រជាជនបានឃើញម៉ាស៊ីនបូមទឹកនេះ ស្ថិតនៅទីតាំងនោះយូរហើយ ពេលរដូវទឹកឡើង និងស្រក វាអណ្តែតទៅតាមទឹកតើ ចុះហេតុអ្វីយកលុយរាប់ម៉ឺនដុល្លាទៅចាក់ដីក្នុងទន្លេធ្វើអោយមានផលប៉ះពាល់ច្រើនទៅវិញ?។ ប្រជាពលរដ្ឋបន្តថា ផលប៉ះពាល់សម្រាប់ប្រជានេសាទវិញ ការបាំងទំនប់កាត់ទទឹងទន្លេសាបរហូតដល់៧០ម៉ែត្រនេះ វាបណ្តាលអោយកកស្ទះដើមកំប្លោកនៅទីតាំងនោះ និងនាំអោយមានការលំបាកក្នុងការចេញចូលទូកកាណូតរបស់ប្រជានេសាទ ក្នុងមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។ ជាពិសេស ប្រសិនបើមានសមាជឹកក្នុងគ្រួសារណាមួយមានគ្រោះថ្នាក់ ឬឈឺជាអ្វីនោះ ពួកគាត់មិនអាចដឹកជូនសមាជឹកគ្រួសារនោះទៅដល់ពេទ្យជួយសង្គ្រោះទាន់ពេលវេលានោះឡើយ។ ដោយឡែកផលប៉ះពាល់មួយទៀត សូម្បីសម្រាស់ដែលគេយកដាក់ក្នុងទន្លេចាប់ត្រី គឺខុសច្បាប់ធ្ងន់ធ្ងរដោយសារធ្វើអោយទន្លេគោករាក់ តែនៅពេលគេចាក់ដីរាប់រយឡានចូលក្នុងទន្លេបែបនេះ ថាតើខុសដែរទេ?។
ក្នុងអង្គប្រជុំនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នោះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក, ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរធនធានទឹកខេត្ត, ប្រធានមន្ទីរឧស្សាហកម្មខេត្ត, អាជ្ញាធរក្រុងកំពង់ឆ្នាំង, អាជ្ញាធរសង្កាត់ខ្សាម, និងតំណាងក្រុមហ៊ុនទឹកស្អាតចូលរួមផងដែរ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា