ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និង ការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្នុងគោលបំណងពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP។
ជំនួបទ្វេភាគីនេះមានការចូលរួមពីតំណាងគណៈ កម្មាធិការជាតិអេស្កាប់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ ក្រសួងផែនការ ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និង សំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះលោកជំទាវ Armida Salsiah Alisjahbana ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះ លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រពេញទំហឹងដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងមូល។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ UN-ESCAP ក្នុងការរៀបចំគោលនយោបាយជាតិសកម្មភាពមីនកម្ពុជា ដែលជាផែនទីបង្ហាញផ្លូវវិស័យសកម្មភាពមីននៅកម្ពុជាសម្រាប់រយៈពេល ១០ ឆ្នាំ ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា សកម្ម ភាពមីន បានចូលរួមយ៉ាងសំខាន់នៅក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបានស្នើសុំ UN-ESCAP បន្តគាំទ្រការអនុវត្តគោលនយោបាយថ្មីនេះ ជាពិសេសលើការកសាងធនធានមនុស្ស នវានុវត្តន៍ ការគ្រប់គ្រងទិន្នន័យ និងការកៀរគរធនធានប្រកប ដោយចីរភាព។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរ គុណចំពោះ UN-ESCAP ដែលថ្មីៗនេះ បានប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការរៀប ចំក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ប្រាជ្ញាសប្បនិម្មិត (Artificial Intelligence) ដែលនឹងចូលរួមយ៉ាងសំខាន់ ដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា(២០២១ -២០៣៥) និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana ប្តេជ្ញាបន្តបង្កើនកិច្ចសហ ប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាគាំទ្រដល់ការលើកកម្ពស់វិស័យប្រាជ្ញាសប្បនិម្មិតនៅកម្ពុជា ក៏ដូចជាការអនុវត្តគោលនយោ បាយជាតិសកម្មភាពមីន ២០២៦- ២០៣៥ និងជំរុញដល់នវានុវត្តន៍ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា តាមរយៈបណ្តាញធុរៈកិច្ចប្រកបដោយចីរភាពរបស់ ESCAP (ESCAP Sustainable Business Network) ៕






-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា