ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី អញ្ជើញជាអធិបតីទទួលថវិកាពី ព្រះមហាក្សត្រ និងព្រះមហាក្សត្រីក្នុងឧកាសទិវា៨ឧសភា
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយមន្ត្រីក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត បាននាំយក ព្រះរាជសារ និងព្រះរាជទ្រព្យព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំនួន១០ម៉ឺនដុល្លាអាមេរិច ក្នុងនោះព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រចំនួន៥០ពាន់ដុល្លារសហរដ្ឋអាមេរិក និងព្រះរាជទ្រព្យរបស់ ព្រះមហាក្សត្រី៥០ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមរបស់ព្រះអង្គទាំងទ្វេ ជូនកាកបាទក្រហមកម្ពុជា ក្នុងឪកាសខួបលើកទី១៦២ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន។
ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជម្រាបជូនអំពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជ ហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជាគ្រប់រូប ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកស្នេហាជាតិដ៏ខ្ពង់ខ្ពស់ ខិតខំដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវ ជំនឿទុកចិត្តយ៉ាងមុតមាំ ក្នុងការប្រមូលកម្លាំងមនុស្សធម៌ ការរកមូលនិធិ ការគាំទ្រពីមជ្ឍដ្ឋានជាតិ អន្តរជាតិ បង្កលក្ខណៈសម្បត្តិធ្វើឲ្យកាកបាទក្រហមកម្ពុជា ទទួលបាននូវមហាជោគជ័យយ៉ាងធំធេង ក្នុងការបម្រើប្រជាជាតិ ប្រជារាស្ត្រកម្ពុជាគ្រប់ពេលវេលា និងគ្រប់ទិសទី។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហទ័យប្រោសព្រះរាជទានពរជ័យសិរីមង្គល ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពជា សូមបានប្រកបនូវសុខភាពល្អ នឹងទទួលបាន នូវមហាជោគជ័យយ៉ាងធំធេងថែមទៀត ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ដើម្បីជាឧត្តមប្រយោជន៍ នៃប្រជាជាតិ មាតុភូមិយើង។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកក្រហមកម្ពុជា មានសេចក្តីរំភើបរីករាយក្រៃលែង និងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យ ដ៏ឧត្តុងឧត្តមនេះ ដើម្បីកាកបាទក្រហមកម្ពុជា យកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្វាយព្រះសព្ទសាធុកាពរដ៏បវរមហាមង្គល ថ្វាយ ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក សូមព្រះអង្គ បានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរថ្កុំថ្កើងដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាដរាបតរៀងទៅ៕
អត្ថបទ៖ សំ ងីម







-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ