ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាអបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទំាងសងខាង
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាណៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តីប្រទេសថៃ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទំាងពីរ ក៏ដូចជារាជរដ្ឋាភិបាលនិងសភាប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជានិងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង វិវត្តរីកចម្រើនទៅមុខជានិច្ច។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខណៈដែលលោកជំទាវបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេលពីរថ្ងៃគឺថ្ងៃទី២៣និង២៤ខែមេសាឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពិតជាមានក្តីរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានបន្ត ថែរក្សា ពូនជ្រំ និងរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ៧៥ ឆ្នាំមកនេះ ហើយសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ សមិទ្ធិផល និងវឌ្ឍនភាពនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកថែមទៀតផង។
សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលជាច្រើនដែលរាជរដ្ឋាភិបាលថៃសម្រេចបាន នៅក្រោមការដឹកនាំរបស់លោកជំទាវ នៅក្នុងរយៈពេលប្រមាណជា៧ខែមកនេះ។ សម្តេចបានគូសបញ្ជាក់ថា លោកជំទាវនាយករដ្ឋមន្រ្តីជាអ្នកនយោបាយវ័យក្មេង និងជាស្រ្តី ដែលមានភាពវៀងវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។
លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតដល់លោកជំទាវនិងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវ នាយករដ្ឋមន្រ្តី បានថ្លែងការកោតសរសើរពីភាពដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីដំបូងនៅកម្ពុជា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធានរដ្ឋសភា ។ លោកជំទាវ គូសបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ជាថ្នាក់ដឹកនាំស្រ្តីមួយរូបពោលពេញដោយបទពិសោធន៍ និងជាគំរូ។
ជាមួយគ្នានេះ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីលទ្ធផលដ៏ជោគជ័យនៃជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា កាលពីព្រឹកមិញ ដោយនៅក្នុងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទំាងពីរបានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧និងបានសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។
ក្នុងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរនិងក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកជំទាវនិងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជននិងប្រទេសទំាងសងខាង។ សម្តេចបានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវនាយករដ្ឋមន្រ្តី សុទ្ធសឹងជាអ្នកនយោបាយនិងថ្នាក់ដឹកនាំវ័យក្មេង ដែលមានទស្សនវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍប្រទេសជាតិ កសាងសុខសន្តិភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនថៃចំពោះការបាត់ប់ងជីវិត និងជនរងគ្រោះ ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបណ្តាលមកពីការរញ្ជួយដីនាពេលថ្មីៗនេះ បន្ថែមពីលើសារលិខិតដែលបានផ្ញើជូនរាជរដ្ឋាភិបាលនិងសភាថៃហើយនោះ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលនិងអាជ្ញាធរថៃ ដែលបានជួយសម្របសម្រួលដល់ពលករចំណាកស្រុកកម្ពុជា បានវិលត្រលប់មកស្រុកកំណើតវិញ ដើម្បីចូលរួមប្រារព្ធ និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយជំនឿមុតមាំថា រាជរដ្ឋាភិបាលថៃនឹងបន្តយកចិត្តទុកដាក់ និងជួយសម្របសម្រួលចំពោះពលករកម្ពុជា ដែលកំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងប្រទេសថៃ ជាបន្តទៀត។
សម្តេចបានលើកឡើងផងដែរពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែកក្កដាឆ្នាំ២០២៤កន្លងទៅ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយសម្តេចផ្ទាល់នៅព្រះរាជាណាចក្រថៃ។ តាមរយៈអនុស្សរណៈនោះ រដ្ឋសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ដែលនៅក្នុងពេលឆាប់ៗនេះ ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ផងដែរ។ សម្តេចបន្តថា កម្ពុជានិងថៃមានសក្តានុពលជាច្រើនទៀត ដែលអាចពង្រឹងពង្រីកបាន ក្នុងការនាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋទំាងសងខាង មានដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ វប្បធម៌ ជាដើមនោះ។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រ នៃប្រទេសទំាងពីរ មានមូលដ្ឋានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ហើយភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានជំរុញដោយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងសង្គមស៊ីវិលផងដែរ។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តដ៏រឹងមាំនេះ ប្រទេសទាំងពីរនឹងរួមចំណែកពង្រឹងសាមគ្គីភាពក្នុងអាស៊ានឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារួមគ្នាប្រកាន់ខ្ជាប់មជ្ឈភាពអាស៊ាន លើបញ្ហាតំបន់ និងពិភពលោកដែលមានផលប៉ះពាល់ដល់តំបន់ ដោយផ្អែកលើផលប្រយោជន៍ និងគោលការណ៍រួម។ យើងត្រូវបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង តាមរយៈការសន្ទនាដោយបើកចំហ និងកិច្ចសហប្រតិបត្តិការជិតសិទ្ធ ដោយផ្អែកលើការជឿទុកចិត្តគ្នា ដោយផ្តោតលើលទ្ធផល និងយកប្រជាជនជាស្នូល” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភាកម្ពុជា៕

-
ព័ត៌មាន4 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន3 days ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន4 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន6 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន6 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន3 days ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន4 days ago
ចិនគាំទ្រការធ្វើទំនើបកម្មផ្លូវដែកកម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់
-
ព័ត៌មាន6 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី