ព័ត៌មាន
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព នៃការជំរុញចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច
ភ្នំពេញ ៖ ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់របស់កម្ពុជា ដើម្បីជំរុញការចូលរួមបន្ថែមក្នុង ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ច និងការចូលរួមកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង សហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២៥ នេះថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារ សង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំទ្រផ្នែកហិរញ្ញប្បទាន តាមរយៈកម្ចីផ្លូវការពីធនាគារ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពពលរដ្ឋគ្រប់រូប ដើម្បីភាពរីកចំរើន នៃសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។
ឯកឧត្តម បន្តថា បញ្ហានេះ រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹង សមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូល រួមបន្ថែម ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមគ្នានឹងការចូលរួមដោយផ្ទាល់ ក្នុងការកាត់ បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។
បញ្ហានេះដែរ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជម្រាបជូននូវការចូលរួមចំណែករបស់ ប្រព័ន្ធធនាគារ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមាន៖ ការងារលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ ស្របតាមយុទ្ធសាស្ត្រ ជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងនោះធនាគារជាតិនៃកម្ពុជា បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិពាក់ព័ន្ធ ក្នុងការដាក់ចេញនិងអនុវត្តនូវសកម្មភាពយុទ្ធនាការផ្សព្វផ្សាយ កម្មវិធីអប់រំ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងយន្តការនានា។ ជាក់ស្ដែងកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្រ្ជាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងផ្សព្វផ្សាយជា សាធារណៈ ស្តីពីការលើកកម្ពស់ការយល់ដឹងកិច្ចការពារអតិថិជន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងតម្លាភាព ព្រមទាំងបានសហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថលផងដែរ។
លោកជំទាវបណ្ឌិត បន្តថា ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាបានរៀបចំនូវបទប្បញ្ញត្តិនានា និងបានដាក់ចេញសារាចរណែនាំស្ដីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងការផ្ដល់សេវាហិរញ្ញវត្ថុសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ដែលបានចុះបញ្ជីនៅច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ លើសពីនេះ, តាមរយៈការអនុវត្តប្រកាសស្តីពី “ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុន របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ” បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យដល់ SMEs ដោយកំណត់ថ្លឹងហានិភ័យត្រឹមតែ ៧៥% (SMEs មិនបានចុះបញ្ជីកម្រិតថ្លឹងហានិភ័យស្មើនឹង ១០០%)៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា