Connect with us

ព័ត៌មាន

ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសំណេះ​សំណាល​ជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុង​ឱកាស​ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្ម​អន្តរជាតិ ១ឧសភា

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្ដេចធិបតី៖

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញក្ដីរីករាយដោយនៅថ្ងៃនេះបានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត ៦ ពាន់នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បច្ចុប្បន្នរោងចក្រសហគ្រាសដែលបានចុះបញ្ជី​មាន​ចំនួនសរុបជាង ៤៥០០០ សហគ្រាស ក្នុងនោះចំនួនកម្មករនិយោជិតកើនឡើងដល់ជាង ១,៨៥ លាននាក់។

– សម្ដេចធិបតី៖ ពីដើមឡើយការងារនៅតាមរោងចក្រ​មានការ​ផលិត​តែ​សំលៀក​បំពាក់​ប៉ុន្តែ​បច្ចុប្បន្ន​តាម​រោងចក្រ​មានផលិតផលគ្រប់​ប្រភេទ​រួម​ទាំង​គ្រឿង​បង្គំ​រថយន្ត​ដែល​បាន​ផលិត​នៅ​កម្ពុជា​ផ្ទាល់​ជាមោទនភាពរបស់ប្រទេសយើង។

– សម្ដេចធិបតី ហ៊ុន ម៉ាណែត៖​នៅលើពិភពលោកនេះគ្មាន​ប្រទេសណា​ដែល​មិន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅប្រទេសនោះទេ។ រាជរដ្ឋាភិបាលបានគិតគូទាំងសុខភាព និង​ការងារ​ដើម្បី​បើក​ច្រក​ឱកាស​ការងារ​ជូនបងប្អូនកម្មករ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខ​ចំពោះពលករខ្មែរ​ដែល​រង​គ្រោះដោយសារករណីបាក់រលំអគារ​នៅប្រទេសថៃ​ដោយសារគ្រោះ​រញ្ជួយដីកាលពី​ពេលកន្លង​ទៅនេះ ក្នុងនោះមានពលករខ្មែរពីរនាក់បានស្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួន។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ច​ពិភពលោក​រង​ផល​ប៉ះ​ពាល់​ជា​បន្តបន្ទាប់ហើយប្រទេសមួយចំនួនមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ប៉ុន្ដែ​រាជរដ្ឋាភិបាល​កម្ពុ​ជា​បាន​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​និយោជិត​ជា​និច្ច​ទោះ​បី​តិច ឬ​ច្រើន​ក៏​ដោយ។

– សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះការដំឡើងប្រាក់ឈ្នួល រាជ​រដ្ឋាភិបាល​បន្ថែម​តួ​លេខ ២ដុល្លារ លើតួលេខ ២០៦ដុល្លារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែល​ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមាសម្រាប់ឆ្នាំ២០២៥ កើនដល់ចំនួន ២០៨ ដុល្លារអាម៉េរិក និងបាន​កំពុង​អនុវ​ត្ត​ដោយជោគជ័យ។ ខណៈប្រសិនបើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុតចន្លោះពី ២២៥ ដុល្លារអាម៉េរិក ដល់ ២៣៦ ដុល្លារ​អាម៉េរិកក្នុងមួយខែ។

– សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំគិតគូរផល​ប្រយោជន៍​បន្ថែម​ទៀត​លើសុខភាពចំពោះអ្នកធ្វើការងារក្រៅប្រព័ន្ធ អ្នកស្វ័យនិយោជ ដើម្បីលើកកម្ពស់​សុខមាល​ភាព​ជូនប្រជាពលរដ្ឋ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់​ជំរុញ​ការ​ផ្សព្វ​ផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ឱ្យមកចុះ​ឈ្មោះចូល​រៀនឱ្យ​បាន​ច្រើន​ដើម្បី​ពលរដ្ឋ​អាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង។

– សម្ដេចធិបតី៖ ការដែលចង់ឲ្យបងប្អូនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធគឺមិនមែនដើម្បី​បង់ពន្ធ​នោះទេ​គឺដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កម្មវិធី​បណ្តុះ​បណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ មានអ្នកស្នើចុះ ឈ្មោះចូលរៀនប្រមាណ ១១.៣ ម៉ឺននាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧,២ ម៉ឺននាក់, និងសិស្សទទួលបានការងារធ្វើប្រមាណ ១.៦ម៉ឺននាក់។

– សម្ដេចធិបតី ៖ រដ្ឋាភិបាលបានគិតគូរទាំងអស់គ្រប់ជ្រុងជ្រោយដល់​កម្មករ​និយោជិត​ទាំង​តម្លៃ​ការ​ស្នាក់​នៅ តម្លៃជិះរថយន្ត​ដឹកជញ្ជូន និង​តម្លៃ​ប្រើប្រាស់​ទឹក​ភ្លើង​ ដើម្បី​ឲ្យប​ង​ប្អូន​ ចំណាយ​កាន់​តែ​តិច​នេះជាការចូលរួមរបស់រាជរដ្ឋាភិបាល។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការកង្វះអាហារូបត្ថម្ភ បញ្ហានេះគឺ​រាជ​រដ្ឋាភិបាល​​បានគិតគូរខ្លាំងណាស់ ក្នុងនោះសូម្បីតែស្រ្ដីដែលជាជនជាប់ឃុំមានផ្ទៃពោះ ឬ​មាន​កូន​តូច​ក៏​រាជរដ្ឋាភិបាលបានគិតគូរដល់ពួកគាត់ គឺគិតគូរទាំងម្ដាយ និងកូន។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល​បាន​អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រី មានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយ​ពេល​សម្រាល​កូនរហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤ លើក ដោយមួយលើក ទទួលបានថវិកាចំនួន ៨ ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាល កូនចំនួន ៨០ម៉ឺនរៀលបានចំណាយថវិកាប្រមាណ ៣៣០ ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ ម៉ឺននាក់ និងកូនជាង ៦៦ ម៉ឺននាក់បានទទួលផលពីកម្មវិធីនេះ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ចំពោះវិវាទការងារ សូមកុំ​ឱ្យ​មាន​ជន​ទី៣​លូកដៃចូលធ្វើឱ្យរាំងស្ទះដល់ការដោះស្រាយ។ ចំណែក អង្គការ ឬសហជីពត្រូវ​ធ្វើជា​តំណាងរ​បស់​កម្មករនិយោជិត និងអនុវត្តទៅតាមច្បាប់ និងវិជ្ជាជីវៈដែលបានអនុលោម កុំ​ឱ្យ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​រឿងផ្សេង។

– សម្ដេចធិបតី អំពាវនាវបងប្អូនអង្គការ​សហជីព​អង្គការ​វិជ្ជា​ជីវៈ​ត្រូវ​ធ្វើ​តាម​វិជ្ជាជីវៈ​អនុវត្ត​អនុ​លោម​តាម​ច្បាប់​បើយើងទាមទារហួស​ពី​ច្បាប់​ដែរ​អនុញ្ញាត​មិនអាចដោះស្រាយបាននោះទេ វាអាច​ចូល​ក្នុង​អន្ទាក់​នយោបាយក្រុមណាមួយនោះ។ រាជរដ្ឋាភិបាលខិតខំដោះស្រាយ​ដោយ​តម្លា​ភាព​ដើម្បី​ប្រយោជន៍​ទាំងអស់គ្នាកុំឲ្យផ្ទះយើងរោងចក្រយើងឆេះនាំឲ្យបាត់បង់ផលប្រយោជន៍ទាំងអស់គ្នា។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអំពាវនាវដល់ម្ចាស់រថយន្តបើកបរដឹកកម្មករនិយោជិត ត្រូវគិតគូរ​ពី​គុណ​ភា​ពយានយន្ត និងបើកបរគោរពច្បាប់ ដើម្បីធានាសុវត្ថិភាពជូនកម្មករ-កម្មការិនី។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អបអរសាទរ ដែលរាជធានីភ្នំពេញ របស់​ប្រទេស​កម្ពុជា​បានជាប់លេខ២ ជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតនៅលើពិភពលោក។ សម្ដេចជំរុញឱ្យចូលរួមផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាបន្ថែមទៀតទៅកាន់ពិភពលោក។

– សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើបរិស្ថានការងារ​របស់​បង​ប្អូន​នៅ​តាម​រោងចក្រ​បាន​ល្អ​នោះ​រាជ​រដ្ឋាភិបាល​នឹង​ខិតខំទាក់ទាញអ្នក​វិនិយោគ​ឲ្យកាន់តែច្រើនថែមទៀត។ ប្រសិន​បើ​មាន​បាតុកម្ម​កើត​ឡើង​នោះ​អ្នក​វិនិយោគិននឹងមិនម​កដាក់ទុនវិនិយោគ​នៅកម្ពុជាយើងនោះទេ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥នេះ បណ្ដារោងចក្រមួយចំនួននឹងមានការរៀបចំការរាំលេង​កម្សាន្ត​សប្បាយ​ជូនបងប្អូនកម្មករកម្មការិនី នៅតាមបណ្ដារោងចក្រ សហគ្រាសនានា។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ដោយសារកត្តាការសាមគ្គីភាព និងសុខសន្ដិភាពរបស់កម្ពុជា ក្នុងឆ្នាំ២០២៥នេះ សម្ដេចសង្ឃឹមថា កម្ពុជានឹងទទួលបានការវិនិយោគិនថ្មីៗ​ជាច្រើន​បន្ថែម​ទៀត។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សាច់គោ ឬស្ពៃ អត់បញ្ហា សំខាន់មានម្ហូបឱ្យកូនចៅខ្ញុំ​ហូបនៅ​ផ្ទះ។ ប្រទេសណាក៏កម្ពុជាយកសំខាន់មានការងារ និងការវិនិយោគ ដើម្បីប្រជាពលរដ្ឋកម្ពុជា និង​សេដ្ឋកិច្ចកម្ពុជា។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ «ឃើញគោលនយោបាយស្រក់ទឹកមាត់ ប៉ុន្ដែពេលឃើញ​ការអនុវត្ត​ស្រក់​ទឹកភ្នែក»! សម្ដេចធិបតីឱ្យ​តាមដាន​ជាប់​ជា​ប្រចាំ​ចំពោះ​ការ​អនុវត្ត​គោល​នយោបាយ​​ដែលរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ចៀស​វាង​ការ​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​ ដើម្បី​អនុ​គ្រោះ​ដល់​ការវិនិយោគ ឬវិស័យផ្សេងៗ។

– សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តើកម្ពុជាជាប្រទេសតែមួយដែលជាប់ពន្ធពីអាមេរិក ឬយ៉ាងណា​?​ គឺមិនមែនដាក់តែកម្ពុជានោះទេ គឺមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធ​ថ្មី​របស់​អាមេរិក ហើយនេះជាការដាក់ពន្ធសាកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេស​ផ្សេង​គេង​ចំណេញ​ពី​អាមេរិក​ច្រើន ហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ៩៧% គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការ ដាក់ពន្ធ​ចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣០% ក្នុងនោះ​មាន​ដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយ​ផងដែរ​ដូចជា​គ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥% មកលើកម្ពុជា​គឺអាមេរិក​យក ៩៧% ចែកនឹងពីរ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ អ្នកនយោបាយជ្រុលនិយមមួយចំនួននៅក្រៅប្រទេស អួតថាស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។ តើនេះឬការស្រឡាញ់កម្មករនិយោជិត?

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ទីផ្សារអាមេរិក រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈ​នៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាស​នោះស​ម្ដេច​នឹង​ទា​ក់​ទាញ​វិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជ​កម្ម​នានា​បន្ថែម​ទៀត​សម្រាប់​ផ្ដល់​ឱកាស​ការងារ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តអំពាវនាវដល់ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈ​ពេល១៩ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារ​អត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែ​ការ​លំបាក​តិចតួចធ្វើឱ្យយើងរឹងមាំ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហួសចិត្តដែលតាម្នាក់នៅក្រៅប្រទេសនៅតែបបួលពលរដ្ឋផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋភិបាលមិនអាចឱ្យមានករណីដូចជាចលនាកាលពីថ្ងៃទី១៨ សីហា កើតឡើងបានឡើយ។ យើងត្រូវចងចាំអតីតកាល សង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ ដើម្បីចៀសវាងកុំឱ្យប្រវត្តិសាស្រ្ដដ៏ជូរចត់នេះកើតឡើងវិញម្ដងទៀត ហើយបែរមករួមគ្នាថែរក្សាសាមគ្គីភាព ឯកភាពជាតិ និងសុខសន្ដិភាពរបស់កម្ពុជា។

ប្រសាសន៍សម្ដេចធិបតី ចប់នៅម៉ោង ១១និង៣៨នាទី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia