ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា KOICA និង WFP សម្ពោធគម្រោងទឹកប្រាក់ចំនួន១០លានដុល្លារបន្ថែម ដើម្បីបន្តគាំទ្រ និងពង្រីកកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដាក់ឱ្យអនុវត្ត គម្រោងមួយដែលមានទឹកប្រាក់ ១០លានដុល្លារអាមេរិក សម្រាប់អនុវត្តពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩ ដើម្បីបន្តគាំទ្រដល់ការពង្រីក និងពន្លឿនការធ្វើស្ថាប័នូបនីយកម្ម នៃកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅកម្ពុជា។

បច្ចុប្បន្នកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលបានផ្តល់អាហារជូនដល់សិស្សានុសិស្សប្រមាណ១៩០,០០០នាក់ នៅតាមសាលាបឋមសិក្សាចំនួន ៦៨៦សាលា។ ការវិនិយោគបន្ថែមថ្មីពីសាធារណរដ្ឋកូរ៉េក្នុងដំណាក់កាលទី២នាពេលនេះ គឺជាការកសាងបន្ថែមលើសមិទ្ធផលកន្លងមកកាលពីដំណាក់កាលទី១ (២០២០-២០២៤) និងអនុញ្ញាតឱ្យក្រសួងអប់រំ យុវជននិងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោក អាចផ្តល់អាហារក្តៅៗដ៏មានជីវជាតិជារៀងរាល់ព្រឹក ក្នុងរយៈពេល ៥ឆ្នាំបន្តទៀត ជូនដល់សិស្សានុសិស្សនៅមតេ្តយ្យសិក្សា និង បឋមសិក្សាចំនួន ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា ដែលសាលារៀនទាំងនេះនឹងត្រូវផ្ទេរចូលទៅក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលទៅតាមដំណាក់កាលជាបន្តបន្ទាប់រហូតអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តការគាំទ្រពីសំណាក់ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក។ កម្មវិធីផ្តល់អាហារតាមសាលារៀននេះមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានអាហារូបត្ថម្ភ គ្រប់គ្រាន់សម្រាប់កុមារប៉ុណ្ណោះទេ គឺថែមទាំងជាការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាទាំងមូល ដោយបានជួយកសាងប្រព័ន្ធអប់រំមួយឱ្យរឹងមាំ មានភាពធន់ជាងមុន និងបានរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង”។

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះកម្មវិធីផ្តល់អាហារតាមសាលារៀនមួយនេះ។ កាលពីខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបាន អនុម័តគោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀន ដែលជាការទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់កម្មវិធីផ្ដល់នេះ ក្នុងការរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ អាហារូបត្ថម្ភកុមារ វិស័យកសិកម្ម និងកិច្ចគាំពារសង្គម។ កម្មវិធីផ្តល់អាហារតាមសាលារៀននេះត្រូវបានបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍មូលធនមនុស្ស និង អាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលកំពុងដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញ និងលើកកម្ពស់វិស័យអប់រំនៅកម្រិតមត្តេយ្យដល់មធ្យមសិក្សា ជាពិសេសការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ ទាំងអស់នេះគឺធ្វើឡើងដើម្បីកសាងមូលធនមនុស្សជំនាន់ក្រោយដែលប្រកបដោយសុខភាពការអបរំ និងភាពធន់។
លោកស្រី Moon Jung Choi នាយិកានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ ដែលបានបន្តកិច្ចសហការយ៉ាងសំខាន់មួយនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក។ ការគាំទ្រនៅក្នុងដំណាក់កាលទី២នេះ គឺបានបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា តាមរយៈការគាំទ្រប្រព័ន្ធជាតិ ដែលមានតួនាទីផ្តល់នូវការអភិវឌ្ឍន៍យូរអង្វែងក្នុងវិស័យអប់រំ អាហារូបត្ថម្ភ និងជីវភាពរស់នៅតាមទីជនបទ។”

កម្មវិធីផ្តល់អាហារតាមសាលារៀនបានអនុវត្តវិធីសាស្រ្តប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយផ្សារភ្ជាប់ការអប់រំ និងអាហារូបត្ថម្ភជាមួយកសិកម្មក្នុងភូមិ ដោយការបញ្ជាទិញកសិផលផ្សេងៗពីក្រុមកសិករខ្នាតតូចក្នុងសហគមន៍។ នៅក្នុងប្រទេសដែល ៥៧ភាគរយនៃចំនួនគ្រួសារសរុបពឹងផ្អែកលើវិស័យកសិកម្ម វិធីសាស្រ្តនេះបានជួយជម្រុញសេដ្ឋកិច្ចក្នុងស្រុក ពង្រឹងប្រព័ន្ធស្បៀង និងដើរតួជាសំណាញ់សុវត្ថិភាពសម្រាប់កុ្រមគ្រួសារដែលងាយរងគ្រោះ ដោយគ្រោះអាសន្នផ្សេងៗ។
កម្មវិធីនេះមិនត្រឹមតែផ្តល់អាហារដ៏មានជីវជាតិប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការពង្រឹងសមត្ថភាព ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងសាលារៀន និង ការអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំង សាលារៀនផ្ទាល់ផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរៀបចំឡើងដើម្បីធានាអោយបានថាក្រសួងអប់រំ យុវជន និងកីឡានឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលយកភាពជាម្ចាស់យ៉ាងពេញលេញទៅលើកម្មវិធីនេះនិងអាចធានាបាននូវគុណភាព ប្រសិទ្ធិភាព និងនិរន្តរភាពនៃកម្មវិធី។

លោកស្រី គ្លែរ កូណាន់ តំណាងនិងជានាយិកានៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធីស្បៀងអាហារពិភពលោក មានមោទនភាពបំផុត ក្នុងការបន្តគាំទ្រដល់ដំណើររបស់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅកាន់ភាពជាម្ចាស់យ៉ាងពេញលេញ នៃកម្មវិធីផ្តល់អាហារតាមសាលារៀន ប្រកបដោយនិរន្តរភាព។ កិច្ចសហការជាថ្មីជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រសួងអប់រំ យុវជន និង កីឡាជាឧទាហរណ៍ដ៏មានអានុភាពមួយអំពីរបៀបនៃកិច្ចសហការគ្នា ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កុមារ ការបង្កើនគុណភាពនៃការសិក្សា និងការកសាងសហគមន៍ដែលមានភាពធន់បន្ថែមទៀត។” ការចុះហត្ថលេខាលើគម្រោងដំណាក់កាលទី២នេះ បង្ហាញពីភាពជាដៃគូកាន់តែស៊ីជម្រៅជាងមុន រវាងក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក ក្នុងការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា តាមរយ:កម្មវិធីផ្ដល់អាហារតាមសាលារៀន៕



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ