ព័ត៌មាន
ទិវាពលកម្មអន្តរជាតិ! ឯកឧត្តម ហេង សួរ អំពាវនាវឱ្យរួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ» ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់» និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការប្រចាំឆ្នាំ២០២៤។
នៅក្នុងពិធីដែលត្រូវបានប្រារព្ធធ្វើរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង ជាមួយកម្មករនិយោជិត អ្នកចូលរួមប្រមាណ ២ពាន់នាក់ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះ ពិតជាបានឆ្លុះបញ្ចាំងនូវចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកកម្មករនិយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកនាំកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខ នាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តទាក់ទាញវិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងតែយកចិត្តទុកដាក់ឱ្យតម្លៃខ្ពស់ និងធានានូវការលើកកម្ពស់សិទ្ធិសេរីភាព អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតគ្រប់ពេលវេលា ខណៈដែលបងប្អូនកម្មករនិយោជិតក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍រាប់លាននាក់សុទ្ធតែជាបុគ្គលសំខាន់ ដែលក្រសួងត្រូវធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ មានប្រព័ន្ធសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈល្អ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានចំនួន៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការប្រចាំឆ្នាំ២០២៤ ផងដែរ៕









-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា