ព័ត៌មាន
សហជីព៖ បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពដូចការលើកឡើងមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ
សហជីពនៅកម្ពុជាបានលើកឡើងថា ប្រសិនបើមានការរឹតត្បិតសិទ្ធិសេរីភាព និងការគំរាមកំហែងសហជីពនោះ ពួកគេនឹងមិនមានការជួបគ្នាដោយសេរីក្នុងការសម្ដែងមតិពីគ្រប់និន្នាការបាននោះទេ ខណៈដែលសហជីពចាត់ទុកការលើកឡើងនោះជាការចោទប្រកាន់ខុសពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា៖«ប្រសិនបើមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពដូចការលើកឡើងរបស់បុគ្គលមួយចំនួននោះមែន គឺយើងមិនអាចជួបជុំគ្នាសម្ដែងមតិពីគ្រប់និន្នាការបានទេ ហើយខ្ញុំក៏ចង់សួរទៅវិញដែរថា ប្រសិនបើពួកគេនិយាយថា រឹតត្បិតសេរីភាព អ៊ីចឹងតើពួកគេមានពេលវេលាឯណាបានជួបជុំគ្នានៅថ្ងៃ១ឧសភាជារៀងរាល់ឆ្នាំ?»។
លោកបន្តថា៖«ខ្ញុំគិតថា ការលើកឡើងរបស់មនុស្សមួយក្រុមនោះ គឺមានភាពលម្អៀងដោយមិនអាចទទួលយកបាន និងមានចរិតបង្កឱ្យមានការភាន់ច្រឡំដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជា។ អ្វីដែលយើងមើលឃើញទាំងអស់គ្នា គឺសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតរបស់យើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំងប្រាក់ឈ្នួល និងលក្ខខណ្ឌផ្សេងៗទៀត»។
លោក សំ សឿន បានលើកឡើងជាសំណួរថា តើសហជីពធ្វើការតវ៉ាប្រឆាំងនឹងរាជរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬយ៉ាងណា? ហើយសហជីពការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬយ៉ាងណា? លោកថា សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ប៉ុន្ដែធ្វើសកម្មភាពមិនឯករាជ្យ មិនបម្រើផលប្រយោជន៍កម្មករនិយោជិត ផ្ទុយទៅវិញញុះញង់កម្មករឱ្យតវ៉ា ធ្វើបាតុកម្មខុសច្បាប់ បំពានច្បាប់ បង្កចលាចល អនាធិបតេយ្យ និងឈានដល់បង្កអំពើហិង្សាជាដើម។

ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជាបានថ្លែងនៅថ្ងៃទី ១ឧសភាថា៖«ក្រុមការងារយើង គឺមិនមានរារាំងសកម្មភាពប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩នោះទេ គឺអាជ្ញាធរយើងជួយសម្របសម្រួលបញ្ហាសន្ដិសុខសុវត្ថិភាព និងរៀបចំទីតាំងសម្រាប់ជួបជុំក្រុមសហជីពថែមទៀត។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយរលូន ហើយកម្មករបានចូលរួមច្រើន និងសប្បាយរីករាយដែលបានជួបជុំគ្នានាឱកាសនេះ»។
លោកបន្ដថា៖«យើងអត់មានការគំរាមកំហែងអ្វីទេ គឺបើកទូលំទូលាយ អ្នកចូលរួមក៏សប្បាយរីករាយ ហើយយើងមានឱកាសសម្ដែងមតិ ផ្ញើសារនានាទៅស្ថាប័នពាក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយនូវបញ្ហាសេសសល់ផ្សេងៗទៀត»។
លោក គង់ អាទិត្យ បានចាត់ទុកផ្ដល់សិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាលដល់សហជីព គឺមិនមានឧបសគ្គរារាំងធ្ងន់ធ្ងរដូចការលើកឡើងក្នុងរបាយការណ៍មួយចំនួនដែលចោទប្រកាន់ថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជាត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ និងគំរាមកំហែងនោះទេ។

សម្រាប់លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា៖«ខ្ញុំបានដឹកនាំក្រុមការងារទៅប្រារព្ធទិវាពលកម្មអន្តរជាតិនៅខេត្តកណ្ដាលប្រមាណជាង ២០០នាក់ ប៉ុន្ដែមិនមានការរារាំង ឬបំភិតបំភ័យកម្មករមិនឱ្យចូលរួមនោះទេ គឺមានការចូលរួមយ៉ាងទូលំទូលាយពីកម្មករនិយោជិតយើង។ លើសពីនេះ មានអាជ្ញាធរជួយសម្របសម្រួលសន្ដិសុខសុវត្ថិភាពជូនកម្មករថែមទៀតផង»។
នៅក្នុងវិធីនោះ លោកបានថ្លែងសារសំខាន់ៗដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមការដឹកនាំរបស់ឯករដ្ឋមន្រ្តី ហេង សួរ ដែលបានយកចិត្តទុកដាក់ទៅលើសិទ្ធិសេរីភាពសហជីព និងការការពារសិទ្ធិកម្មករ ដើម្បីលើកម្ពស់ស្ដង់ដារការងារឱ្យដូចទៅនឹងប្រទេសក្នុងតំបន់ដែរ។
លោក ហ្វា សាលី បានចាត់ទុកការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពមានភាពល្អប្រសើរ ដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចាជាមួយថៅកែរោងចក្រ។ ដូច្នេះកម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។

បើតាមថ្នាក់ដឹកនាំសហជីពបានលើកឡើងថា សហជីព និងអង្គការវិជ្ជាជីវៈ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងលក្ខន្តិកៈនោះបានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយទេ។
បច្ចុប្បន្ននេះនៅកម្ពុជាមានសហជីព និងអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៦០០អង្គភាពដែលកំពុងដំណើរការការងាររបស់ខ្លួនដោយសេរី គ្មានការរឹតត្បិត ឬគ្មានការបំភិតបំភ័យដូចការលើកឡើងដោយក្រុមសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួនដែលតាំងខ្លួនអ្នកឯករាជ្យនោះឡើយ៕


-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា