ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ ធនធានយុវជនគឺជាកត្តាកំណត់ពីការអភិវឌ្ឍក្នុងប្រទេសនីមួយៗ រួមទាំងកម្ពុជាផងដែរ
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក បណ្ឌិត បាក់ អ៊ុកស៊ូ (Ock Soo Park) ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ (International Youth Fellowship-IYF) ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក បណ្ឌិត បាក់ អ៊ុកស៊ូ ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ និងសហការីដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ ក៏បានអរគុណដល់ អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងការជួយដល់យុវជនកម្ពុជា និងយុវជននានានៅលើសកលលោក។

នៅក្នុងឱកាសនោះ លោក បណ្ឌិត បាក់ អ៊ុកស៊ូ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ នៅក្នុងឱកាសនោះ លោកបណ្ឌិត បានជម្រាបជូនសម្ដេចតេជោនូវសកម្មភាពរបស់អង្គការរបស់លោកដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា បានជួយដល់យុវជកម្ពុជា និងយុវជននានានៅលើសកលលោកនាពេលកន្លងមក ដែលជាតួនាទីស្នូលរបស់អង្គការជាពិសេស អង្គការបានផ្ដោតទៅលើការអប់រំផ្លូវចិត្តរបស់យុវជន។ លោក បណ្ឌិត បាក់ អ៊ុកស៊ូ បានគោរពអរគុណដល់សម្ដេចតេជោ ដែលបានគាំទ្រដល់សកម្មភាពការងាររបស់ អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ និងស្នើសម្ដេចតេជោបន្តគាំទ្របន្តទៀត ដើម្បីមានឱកាសធ្វើសកម្មភាពកាន់តែច្រើនជួយដល់យុវជននៅកម្ពុជា។

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានអរគុណជាថ្មីចំពោះអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលបានរួមចំណែកជួយដល់យុវជនកម្ពុជា។ សម្ដេចបានលើកឡើងថា បញ្ហាយុវជនជាបញ្ហាធំ ជាបញ្ហាស្នូលសម្រាប់ប្រទេសនីមួយនៅលើសកលលោក ហើយសម្រាប់ប្រទេសកម្ពុជាក៏ដូចគ្នាដែរ ការគិតគូរមកលើយុវជនគឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់។ សម្ដេចតេជោ បានបញ្ជាក់ថា មាននិស្សិតជាង ៤ លាននាក់ ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីបណ្ដុះនូវធនធានជំនាញរបស់យុវជន ដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១,៥ លាននាក់ ដែលរដ្ឋាភិបាលអាណត្តិទី៧បាននឹងកំពុងធ្វើ និងការផ្ដល់ឱកាការងារដល់យុវជនដើម្បីកុំឱ្យពួកគេធ្វើទង្វើដែលមិនគប្បីនៅក្នុងសង្គម។

សម្ដេចតេជោបានបញ្ជាក់ទៀតថា សម្រាប់ប្រទេសកម្ពុជាក្នុងចំណោមប្រជាជនប្រមាណ ១៧ លាននាក់កម្ពុជាសម្បូរដោយធនធានយុវជនច្រើន ក្នុងនោះកម្លាំងពលកម្មយុវជនវ័យក្មេងក៏មានច្រើន ដែលជាផ្នែកដ៏សំខាន់រាជរដ្ឋាភិបាលកំពុងតែមាននូវអាទិភាព និងកំពុងពង្រឹងបន្ថែមទៀតចំពោះករលើកកម្ពស់សមត្ថភាពយុវជននេះ។
សម្ដេចតេជោបានបញ្ជាក់ទៅកាន់ ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ទៀតថា កម្ពុជាមិនមែនត្រឹមតែគិតគូរលើយុវជនប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាក៏បានគិតគូរទៅដល់កុមារ និងស្រ្ដីផងដែរ ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ស្រ្ដីមានផ្ទៃពោះ លើការពិនិត្យសុខភាពចំនួន៤ដងដោយិនគិតថ្លៃ និងផ្ដល់ការឧបត្ថម្ភថវិកាបន្ថែម ការជួយឧបត្ថម្ភពេលសម្រាលកូន និងជួយទៅដល់កូនក្រោយពេលសម្រាលរហូតដល់អាយុពីរឆ្នាំបន្ថែមទៀត រួមជាមួយនឹងគោលនយោបាយជាច្រើនទៀតដែលបានដាក់ចេញសម្រាប់ជួយដល់ស្រ្ដី និងកុមារកម្ពុជា។

សម្ដេចតេជោ បានរំលេចថា ធនធានយុវជន គឺជាកត្តានៃការកំណត់ពីការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា គឺមិនអាចអភិវឌ្ឍបានឡើយ ប្រសិនបើធនធាន ចំណេះដឹង ឬជំនាញរបស់យុវជនកម្ពុជាខ្សោយ ដូច្នេះទើបរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះយុវជន។
នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបញ្ជាក់ថា សម្ដេចផ្ទាល់ក៏បានផ្ដល់តម្លៃសំខាន់ចំពោះតួនាទីរបស់យុវជនដែរ ហើយសម្ដេចក៏ជាអ្នកដែលបានផ្ដល់ឱកាស និងលុបបំបាត់ដែលើកឡើងថា យុវជននៅក្មេងពេកមិនអាចតែងតាំង ឬផ្ដល់តួនាទី សំខាន់បាន ដោយបានលុបបំបាត់នូវគំនិតនេះ ជាពិសេសនូវទសវត្សរ៍ឆ្នាំ ១៩៨០-១៩៩០ ដែលសម្ដេចបានខិតខំរំដោះប្រទេសជាតិ និងបានក្លាយជាយុវជនដ៏សកម្ម និងក្លាយជារដ្ឋមន្រ្ដីការបរទេសក្នុងវ័យត្រឹមតែ ២៧ឆ្នាំ និងជានាយករដ្ឋមន្រ្ដីក្នុងវ័យ ៣២ឆ្នាំ ដែលលទ្ធផលនេះបានឆ្លុះញ្ចាំងអំពីសារៈសំខាន់របស់យុវជននៅពេលនោះបានកើតមានសម្រាប់ប្រទេសកម្ពុជាដោយមិនមានការរើសអើងពីភាពក្មេងខ្ចីឡើយឱ្យតែមានសមត្ថភាព៕




-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន5 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ