ព័ត៌មាន
ប្រហុក សៀមរាប ត្រូវបានប្រកាសបញ្ចូលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាផ្លូវការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុក សៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ហើយនេះជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋានដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយជារួម នៅរសៀលថ្ងៃទី៥ ខែឧសភានេះ បានសរសេរឱ្យដឹងថា សមិទ្ធផលនេះ កើតចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាល ជលផល និងក្រសួងពាណិជ្ជកម្ម។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅកម្ពុជា ដែលជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្មឱ្យមាននិរន្តរភាព និងការអភិវឌ្ឍជនបទ។ លោកជំទាវ បានបន្តថា សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារ ចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង ៣ ៥០០ ហើយ EU បានគាំទ្រការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាជាងមួយទសវត្សន៍មកហើយតាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណីនិងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និង ជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រសួងប្តេជ្ញាពង្រឹងវិស័យនេះ តាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០។








ប្រហុកសៀមរាប គឺជាការអបអរសាទរដ៏សំខាន់នៃប្រពៃណីម្ហូបអាហារជាតិកម្ពុជា ដែលមានប្រភពដើមពីសម័យ អាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំក្នុងស្រុកប្រកបដោយឱជារស។ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រហុកសៀមរាប នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក ដែលអាចជួយលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើទីផ្សារពិភពលោក និងជួយឱ្យពិភពលោកទទួលស្គាល់នូវមរតកម្ហូបអាហារដ៏សម្បូរបែបរបស់ខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា