ព័ត៌មាន
សម្តេចតេជោ អញ្ជើញដល់សាធារណរដ្ឋឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព និងចាប់ផ្ដើមទស្សនកិច្ចការងារ
ភ្នំពេញ ៖នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
ដំណើរអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកនយោបាយមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំប្រទេសឥណ្ឌូនេស៊ីនោះ ទទួលបានការស្វាគមន៍យ៉ាងមហោឡារិក កក់ក្តៅ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។
អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិនាទីក្រុងហ្សាការតាភ្លាម សម្តេចតេជោ ទទួលបានការស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូនេស៊ី និងឈរអមជារបងដោយកងកិត្តិយសរបស់ឥណ្ឌូនេស៊ី ចាប់ពីព្រលានយន្តហោះ រហូតដល់វិមានប្រធានាធិបតីឥណ្ឌូនេស៊ី ក្បួនរថយន្តរបស់សម្តេចតេជោ ត្រូវបានហែហមអមក្បួនដោយរថយន្ត និងម៉ូតូកិត្តិយសជាច្រើនគ្រឿង។ នៅឯវិមានប្រធានាធិបតីវិញ មានការរៀបចំពិធីស្វាគមន៍ជាផ្លូវការយ៉ាងមហោឡារិក ដោយឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងកងកិត្តិយសជាច្រើនរូប មានទាំងកងកិត្តិយសជិះសេះជាក្បួនថែមទៀតផង។
កាន់តែពិសេសថែមទៀតនោះ ដំណើររបស់សម្តេចតេជោ ចាប់ពីពេលអញ្ជើញដល់ព្រលានយន្តហោះ រហូតដល់ជួបជជែកការងារជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានផ្សាយផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនរបស់ឥណ្ឌូនេស៊ីផងដែរ។
បន្ទាប់នៅនៅរសៀលនេះ សម្តេចតេជោ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតីផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី សម្តេចតេជោ មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូនេស៊ី រួមមានឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន, ប្រធានព្រឹទ្ធសភា និងលោកជំទាវស្រី ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។
ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្ដេចតេជោប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្ត្រប្រចាំអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក» ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។
ជាមួយគា្ននេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូនេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូនេស៊ី៕
អត្ថបទ៖ វ៉ន ដារ៉ា



-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»