ព័ត៌មាន
រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា
ភ្នំពេញ ៖ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងដែលបានទទួលការអនុញ្ញាតពីសម្តេចបវរធិបតី ឱ្យចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តម និងគណៈប្រតិភូ នឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព, ចីរភាព និងអស់សក្តានុពល នៃធនធាន សម្រាប់បម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ច ជាពិសេស វិស័យឧស្សាហកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងកម្ពុជា និងកូរ៉េ។ ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ស្របពេលដែលនគរូបនីយកម្មនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ទឹក ព្រមទាំងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និង ចីរភាព។ ក្នុងន័យនេះ, សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងតភ្ជាប់ប្រព័ន្ធធារាសាស្ត្រដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងតភ្ជាប់នេះ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានកូរ៉េ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព, អស់សក្តានុពល និង មានចីរភាព៕








-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ