ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង៣៧ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក
ក្នុងឱកាសជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ( Prabowo Subianto ) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅឥណ្ឌូណេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកឡើងថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង៣៧ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ ដូច្នេះសមិទ្ធផលកម្ពុជានៅពេលនេះមិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូណេស៊ីឡើយ ដោយសម្តេចបានអរគុណចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុងការជួយដល់កម្ពុជា។
នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមប្រធានាឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្តែងការស្វាគមន៍ចំពោះសម្តេចតេជោ ដោយឯកឧត្តមលើកឡើងថា ជាកិត្តិយដែលបានទទួលវត្តមានរបស់សម្តេចតេជោនៅឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានជួបសម្តេចនៅភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០២៤ មុនឯកឧត្តម ស្បថចូលកាន់ដំណែង។ ឯកឧត្តមប្រធានាធិបតីបន្តថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តម បន្តថា ឥណ្ឌូណេស៊ី តែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី លើគ្រប់វិស័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន។
នៅក្នុងជំនួបនោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមប្រធានាធិបតី ដែលជាមិត្តចាស់ ដោយសម្តេចនិងឯកឧត្តមបានស្គាល់គ្នាជាង ៣០ ឆ្នាំមកហើយ។ សម្តេចបន្តថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង ៣៧ ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ សម្តេចតេជោ បន្តថា កម្ពុជានិងឥណ្ឌូណេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតកន្លងទៅ ដែលឯកឧត្តមប្រធានាធិបតី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូណេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល។ សម្តេចតេជោ បន្តថា ប្រទេសទាំងពីរមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរឱ្យខ្លាំងក្លាថែមទៀត។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានជម្រាបទៅលើប្រធានាធិបតីឥណ្ឌូណេស៊ី ពីការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាចំពោះឯកឧត្តមក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលសមស្រប។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ មានប្រធានាធិបតីឥណ្ឌូណេស៊ីជាច្រើនបានទៅទស្សនកិច្ចនៅកម្ពុជា។
ជាការឆ្លើយតបលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអរព្រះគុណព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញ រូបឯកឧត្តម ហើយឯកឧត្តមប្រធានាធិបតី បានជម្រាបសម្តេចតេជោថា ឯកឧត្តម សូមទទួលយក និងទៅបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោឲ្យនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម ថ្វាយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តម ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុងរយៈពេល ៦ ខែ ដែលឯកឧត្តម ធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ី ប្រទេសឥណ្ឌូនេស៊ី បានទទួលសមិទ្ធផល ខាងផ្នែកសន្តិសុខស្បៀង ជាមួយនឹងការយកចិត្តទុកដាក់សន្តិសុខឋាមពល ជាពិសេសជំរុញវិនិយោគផ្នែកសន្តិសុខឋាមពល។
ឯកឧត្តមបន្តថា ឥណ្ឌូណេស៊ី ចង់ឲ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា លើផ្នែកនេសាទ ហើយឥណ្ឌូណេស៊ី ត្រៀមឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងឋាមពលនៃប្រទេសទាំងពីរ។ ចំណែកពាក់ព័ន្ធនឹងការហោះហើររវាងប្រទេសទាំងពីរឯកឧត្តម ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី ឯក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។
នៅចុងក្រោយនៃជំនួប សម្តេចតេជោ និងឯកឧត្តម ប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឲ្យពង្រីកបន្ថែម។លើសពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន3 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន4 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន2 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់