ព័ត៌មាន
កម្ពុជា និងកូរ៉េ សហការគ្នាលើគម្រោងកាត់បន្ថយឧស្ម័នមេតាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងក្លា។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ស្តីពីការកាត់បន្ថយឧស្ម័នមេតាន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការអាស៊ាន-កូរ៉េ នឹងផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង កសាងសមត្ថភាពបច្ចេកទេស និងអនុវត្តដំណោះស្រាយជាក់ស្តែងដែលសម្របទៅនឹងបរិបទជាតិរបស់កម្ពុជា ក្នុងគោលដៅរួមឆ្ពោះទៅរកការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គម្រោងនេះក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទាក់ទាញហិរញ្ញប្បទានកាបូន និងជំរុញការចូលរួមពីវិស័យឯកជន ព្រមទាំងធានាបាននូវសុចរិតភាពបរិស្ថាន។
លើសពីនេះ កម្ពុជាបានមើលឃើញនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃការបញ្ចេញឧស្ម័នមេតាន ជាពិសេសពីវិស័យកសិកម្ម (ការដាំដុះស្រូវ និងការចិញ្ចឹមសត្វ) និងវិស័យកាកសំណល់។ វិស័យទាំងនេះមិនត្រឹមតែសំខាន់សម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាផ្នែកដែលការអនុវត្តវិធានការឆ្លាតវៃ និងធន់នឹងអាកាសធាតុ អាចនាំមកនូវផលប្រយោជន៍ច្រើនយ៉ាង ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័ន ការលើកកម្ពស់សុខភាពសាធារណៈ និងការបង្កើនភាពធន់សម្រាប់សហគមន៍។
គួររម្លឹកជូនដែរថា កម្ពុជាបានរៀបចំ និងដាក់ស្នើផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយឧស្ម័នមេតានថ្នាក់ជាតិទៅកាន់វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល និងក្រុមចម្រុះអាកាសធាតុ និងខ្យល់ស្អាត កាលពីខែឧសភា ឆ្នាំ២០២៥ ដោយបានក្លាយជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសមានការអភិវឌ្ឍន៍តិចតួចដែលបានដាក់ស្នើផែនទីចង្អុលផ្លូវនេះ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីជាគំរូក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា