ព័ត៌មាន
ក្រសួងការងារប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តព្រះសីហនុ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។

យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ពិធីអបអរសាទរទិវានេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុបជាង ១,៤០០នាក់។

នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ជូនដល់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងភាគីពាក់ព័ន្ធនានា សំដៅបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ក៏ដូចជាជំរុញផលិតភាពការងារ។ ឯកឧត្តម បានបន្តថា យើងមានភាពចាំបាច់ត្រូវតែមានស្មារតីបុរេសកម្ម ក្នុងការសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយ ដើម្បីបង្ការហានិភ័យថ្មីៗចំពោះសុវត្ថិភាព និងសុខភាពការងារ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្មករនិយោជិតនិងមនុស្សយន្ត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និងបរិបទឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI), កម្ពុជាបានធ្វើបរិវត្តកម្មឌីជីថលក្នុងការចាប់យក និងទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក៏ដូចជាបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋឌីជីថលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។
សូមជំរាបថា កម្ពុជាបានរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ជាលើកដំបូង នៅឆ្នាំ២០០៦ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។ សម្រាប់ឆ្នាំ២០២៥នេះ គឺជាខួបលើកទី២០ នៃទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា