ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ចធ្វើសិក្ខាសាលា «ពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងវិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីរអធិការកិច្ចទាំង ២៥ រាជធានី-ខេត្ត។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនអង្គសិក្ខាសាលាថា “ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវការប្តេជ្ញាចិត្ត គាំទ្រ និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ដំណើរការរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងក្របខណ្ឌបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។” ជាក់ស្តែង ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអធិការកិច្ច ដោយមានកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាពស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការឆ្នាំ២០២៥ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដោយបានបំពេញទិន្នន័យ និងផ្ញើឯកសារពាក់ព័ន្ធចប់សព្វគ្រប់ជូនក្រសួងមុខងារសាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ឆ្លងតាមការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ដោយមានការពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័នជាច្រើន ក្រសួងអធិការកិច្ច ជាអធិការកិច្ចរាជរដ្ឋាភិបាល មានសមត្ថកិច្ចធ្វើអធិការកិច្ចលើគ្រប់វិស័យ ដោយមានចែកក្នុងព្រះរាជក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច» មានមុខងារស្នូលចំនួន៤ រួមមាន៖ ១.ការងារអធិការកិច្ច ២.ការងារដោះស្រាយបណ្តឹង ៣.ការងារតាមដានការអនុវត្តច្បាប់ និង ៤.ការងារផ្សព្វផ្សាយច្បាប់ និងវេទិការសាធារណៈ។” “ក្រសួងអធិការកិច្ច បាន និងកំពុងបន្តការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ដោយឈរលើអភិក្រមការពង្រឹងរដ្ឋបាលសាធារណៈ «ការពង្រឹងជាជាងពង្រីក» ដើម្បីរៀបចំឡើងវិញ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពចំណុះក្រសួងអធិការកិច្ច និងមន្ទីរថ្នាក់ក្រោមជាតិ សំដៅធានាប្រសិទ្ធភាពការងារ និងជៀសវាងការស្ទួនតួនាទី ភារកិច្ច រវាងអង្គភាពនីមួយៗចំណុះក្រសួងអធិការកិច្ច” ឯកឧត្តមបានបញ្ជាក់បន្ថែម។





សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ រួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំង ២រូប ឱ្យកាន់តែមានភាពស៊ីជម្រៅ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ និងតម្រង់ទិសដ៏ត្រឹមត្រូវពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីជំរុញ និងពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមទៀត៕
-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»