ព័ត៌មាន
ប្រធានាធិបតីទីម័រឡេស្ដេ ចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ដ៏អស្ចារ្យហើយសម្ដេចតេជោជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃ៨ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ជាកិច្ចចាប់ផ្ដើមនៅក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្ដេ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្ដេ។
ឯកឧត្តមប្រធានាធិបតី បានរំលេចឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្ដេ ហើយឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែង ជ្រោមជ្រែងទីម័រ អាចឱ្យទីម័រអាចក្លាយជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ កាលពីកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន និងការជ្រោមជ្រែងរបស់សម្ដេចតេជោ ដែលនៅតែបន្តជួយដល់ទីម័រដើម្បីបានចូលទៅក្នុងសមាជិកពេញសិទ្ធិរបស់អាស៊ាននាពេលខាងមុខ។

នៅក្នុងឱកាសនោះសម្ដចតេជោ បានអរគុណចំពោះ រដ្ឋាភិបាលទីម័រ និងឯកឧត្តមប្រធានាធិបតី ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុតចំពោះសម្ដេច និងគណៈប្រតិភូដែលបានអញ្ជើញមកកាន់ទីម័រជាថ្មីម្ដងទៀតនាពេលនេះ។ សម្ដេចតេជោ បានរំលេចថា កាលពីឆ្នាំ២០១៦ សម្ដេចបានអញ្ជើញមកទីម័រម្ដងហើនៅឆ្នាំ២០២៥នេះ បានអញ្ជើញមកជាថ្មីម្ដងទៀ។ សម្ដេចក៏បានគត់សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រផងដែរ។
នៅក្នុងឱកាសនោះសម្ដេចតេជោ បាននាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេ។ ក្នុងជំនួបនោះ សម្ដេចតេជោ ក៏បង្ហាញនូវក្ដីរំភើបយ៉ាងក្រៃលែងចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យពីសំណាក់ភាគីទីម័រ ចំពោះសម្ដេច និងគណៈប្រតិភូ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅទីម័រ។

សម្ដេចតេជោ បានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិនអាចធ្វើទៅបានឡើយប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរនោះទេ។ សម្ដេចតេជោ ក៏បានរំលេចបន្ថែមនូវការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងទីម័របន្តទៀត ទន្ទឹមនឹងកម្ពុជា និងទីម័រនាពេលនេះ បានបង្កើតនូវទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេលប្រមាណ ២៣ ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ ២០០២ កន្លងមក។ តាមរយៈទំនាក់ទំនងនេះ សម្ដេចតេជោ សង្ឃឹមថា ភាគីទាំងពីរនឹងរួមគ្នាពង្រីកនូវទំនាក់ទំនងបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេ ក៏បានឆ្លើយតបទៅកាន់សម្ដេចតេជោ វិញថា ប្រជាជនទីម័រ រដ្ឋាភិបាលទីម័រ ក៏ដូចជាឯកឧត្តមផ្ទាល់ មានកិត្តិយដ៏ឧត្តុងឧត្តម និងមានមោទនភាពដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ។
ឯកឧត្តមបានបញ្ជាក់ថា ទីម័រឡេស្ដេ គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរអំពីវីរៈភាពរបស់សម្ដេចតេជោ ដោយឯកឧត្តមចាត់ទុកសម្ដេចតេជោ គឺជាឥស្សរៈជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះ ឯកឧត្តមប្រធានាធិបតី បានរំលេចអំពីពលីកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានហៅសម្ដេចតេជោ គឺជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។ ដូច្នេះ គឺជាកិត្តិយសដែលឯកឧត្តមប្រធានាធិបតី, រដ្ឋាភិបាលទីម័រក៏ដូចជាប្រជាជនទីម័របានទទួលដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាឱកាសនេះ។ ឯកឧត្តមប្រធានាធិបតី បានរំលេចនូវការដឹងគុណជាថ្មីម្ដងទៀត ចំពោះសម្ដេចតេជោដែលបានជួយជ្រោមជ្រែងទីម័រ ហើយសង្ឃឹមថា ទីម័រនឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅពេលខាងមុខដ៏ឆាប់។
ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីសង្ឃឹមផងដែរថា ទីម័រឡេស្ដេនឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនាពេលខាងមុខ។ សម្ដេចបានរំលេចអំពីការខិតខំប្រឹងប្រែងជាពិសេសគឺជំហររបស់កម្ពុជា គាំទ្រទីម័រដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយសម្ដេចតេជោ បានរំឡេចឡើងថា ស្ថានភាពទីម័រនាពេលបច្ចុប្បន្ន និងស្ថានភាពកម្ពុជាកាលពីមុនចូលអាស៊ាន គឺ GDP របស់កម្ពុជា មានតែ ២៨១ ដុល្លារតែ ប៉ុន្ដែ GDP របស់ទីម័របច្ចុប្បន្នមានរហូតដល់ ១៤៥៣ ដុល្លារ ហើយបើប្រៀបធៀបកម្ពុជាកាលពីមុន និងទីម័របច្ចុប្បន្ន គឺខុសគ្នាឆ្ងាយណាស់។ សម្ដេចតេជោបានរំលេចឡើងថា ពិតជាសាកសមណាស់នៅក្នុងស្ថានភាពពេលនេះដែលទីម័រអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិបាន៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ