ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី៖
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កោតសរសើរចំពោះវិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខណៈកត្តារីកចម្រើននេះមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។ ហើយកត្តាសុខសន្ដិភាព មិនមែនត្រឹមតែផ្ដល់លទ្ធភាពដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចបដិបត្តិសាសនារៀងៗខ្លួនផងដែរ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ ដូច្នេះការកសាងមូលធនមនុស្សនេះ ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការកំណត់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។
– សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មិនថាអ្នកមាន ឬអ្នកក្រ ឪពុកម្ដាយទាំងអស់ គឺចង់ឱ្យកូនបានរៀនសូត្របានខ្ពង់ខ្ពស់ពីព្រោះមានតែចំណេះវិជ្ជាទេដែលអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការរៀនសូត្រមិនមែនទទួលត្រឹមចំណេះដឹងនោះទេ ប៉ុន្ដែកត្តាធំបំផុតគឺការជឿជាក់លើខ្លួនឯង។ យើងរៀនជំនាញបច្ចេកទេស គឺជាជំនាញរឹង ប៉ុន្ដែចរិយាធម៌ សីលធម៌ គុណធម៌ គឺជាកត្តាសំខាន់ក្នុងការទទួលបានជំនាញទន់ អាចឱ្យសិស្ស និស្សិតធ្វើការនៅក្នុងសង្គមបានល្អជាមួយអ្នកដទៃ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ វិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងពីរនេះត្រូវដើរស្របគ្នា មិនអាចខ្វះមួយណាបានទេ ពុទ្ធចក្រ មានតួនាទីអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ ប៉ុន្ដែអាណាចក្រ មានតួនាទីកំណត់ច្បាប់ និងដឹកនាំសង្គម ដើម្បីធានានៅលំនឹងសង្គម និងសុខដុមនីយកម្ម។
– សម្ដេចធិបតីមើលឃើញថា នៅក្នុងសង្គមជាតិ តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃប្រព័ន្ធ AI ខណៈប្រព័ន្ធនេះមានជនខិលខូចកំពុងវាយលុកលើបណ្ដាញទូរគមនាគមន៍ និងព័ត៌មាន បង្កើតព័ត៌មានកន្លែងក្លាយ និងការឆបោក។ សម្ដេចបានលាតត្រដាងថាថ្ងៃមុនសម្ដេចក៏ធ្លាប់បានទទួលសារពីបណ្ដាញតេឡេក្រាមដោយជនអនាមិកបន្លំជាប្អូនជីដូនមួយសម្ដេចផ្ញើសារមកសុំលុយពីសម្ដេចថែមទៀត។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬកាប់សម្លាប់គ្នាទេ ទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប៉ុន្ដែគោលដៅធំបំផុតគឺដើម្បីឱ្យមនុស្សធ្វើល្អ ចេះចែករំលែក ចែកផលជាមួយគ្នា។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការបង្កើតឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក មិនមែនជាការកែប្រែខ្លឹមសារនោះទេ ប៉ុន្ដែដើម្បីប្រមូល និងបកប្រែនៅចំណុចដែលខ្វះខាត ដោយបញ្ញវន្តព្រះពុទ្ធសាសនាជំនាន់ក្រោយនឹងបន្តការងារទាក់ទងនឹងគម្ពីរក្បួនច្បាប់ធម៌អាថ៌ឱ្យបានចម្រើនទៅមុខ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសកាន់តែទំនើប កាន់តែរីកចម្រើន តួនាទីសាសនាកាន់តែសំខាន់ក្នុងការចូលរួមអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានការងារក៏កាន់តែច្រើនធ្វើឱ្យមនុស្សមានបញ្ហាស្រ្ដេសច្រើនដូចគ្នា ដូច្នេះត្រូវការការអប់រំផ្លូវចិត្តឡើងវិញ។
ប្រសាសន៍សម្ដេចធិបតីចប់នៅម៉ោង ៩និង៥២នាទី៕












-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»