ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្តេដោយជោគជ័យ និងមោទនភាពជាទីបំផុត
នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រប់ដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ីពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។
ក្នុងឱកាសបំពេញទស្សកិច្ចការងារ នៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកនយោបាយមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំប្រទេសឥណ្ឌូណេស៊ីនោះ ទទួលបានការស្វាគមន៍យ៉ាងមហោឡារិក កក់ក្តៅ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ សម្ដេចតេជោ អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិនាទីក្រុងហ្សាការតាភ្លាម សម្តេចតេជោ ទទួលបានការស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូណេស៊ី និងឈរអមជារបងដោយកងកិត្តិយសរបស់ឥណ្ឌូណេស៊ី ចាប់ពីព្រលានយន្តហោះ រហូតដល់វិមានប្រធានាធិបតីឥណ្ឌូណេស៊ី ក្បួនរថយន្តរបស់សម្តេចតេជោ ត្រូវបានហែហមអមក្បួនដោយរថយន្ត និងម៉ូតូកិត្តិយសជាច្រើនគ្រឿង។ នៅឯវិមានប្រធានាធិបតីវិញ មានការរៀបចំពិធីស្វាគមន៍ជាផ្លូវការយ៉ាងមហោឡារិក ដោយឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងកងកិត្តិយសជាច្រើនរូប មានទាំងកងកិត្តិយសជិះសេះជាក្បួនថែមទៀតផង។
កាន់តែពិសេសថែមទៀតនោះ ដំណើររបស់សម្តេចតេជោ ចាប់ពីពេលអញ្ជើញដល់ព្រលានយន្តហោះ រហូតដល់ជួបជជែកការងារជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវបានផ្សាយផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនរបស់ឥណ្ឌូណេស៊ីផងដែរ។ បន្ទាប់មកសម្តេចតេជោ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតីផងដែរ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចតេជោបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅវិមានប្រធានាធិបតី។ ក្នុងជំនួបនេះសម្ដេចតេជោ បានរម្លឹកឡើងថា កម្ពុជា និងឥណ្ឌូណេស៊ីមានចំណងមិត្តភាពជាមួយគ្នាជាង៣៧ឆ្នាំចាប់តាំងពីកម្ពុជាចរចាស្វែងរកសន្តិភាពមកម្លេះ ដូច្នេះសមិទ្ធផលរបស់កម្ពុជានៅពេលនេះមិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូណេស៊ីបានឡើយដោយសម្តេចតេជោបានអរគុណចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុងការជួយដល់កម្ពុជា។
នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមប្រធានាឥណ្ឌូណេស៊ីបានថ្លែងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តមបន្តថា ឥណ្ឌូណេស៊ីតែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជាតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាលប្រវត្តិនេះជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ីលើគ្រប់វិស័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន។
ក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះដែរសម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏បានបានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ីផងដែរ។
នៅក្នុងជំនួបនេះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មការអចិន្ត្រៃយ៍អាស៊ានបានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តមបានរំលេចថាចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។
ក្នុងឱកាសនោះសម្ដេចតេជោ បានរំលេចថា នៅពេលដែលសម្ដេចបានធ្វើជាប្រធានអាស៊ាន៣ដងនៅក្នុងកិច្ចប្រជុំអាស៊ាន កាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និង២០២២ សម្ដេចមិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ ហើយនេះជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ានលើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេចក៏មិនបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។
សម្ដេចតេជោបានបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថា ប្រទេសទាំងអស់ ពិសេសនៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំ និងខ្លាំងបន្ថែមទៀតហើយអាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារដែលមានស្រាប់តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅក្នុងអាស៊ានមិនគួរមើលរំលងនោះឡើយ។
ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី សម្ដេចតេជោ បានអញ្ជើញផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជា វិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ បានអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ីផងដែរ។
ក្រៅពីនេះសម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា និងលោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសមផងដែរ។ ក្នុងឱកាសជំនួបនេះ សម្ដេចតេជោ បានប្រាប់វិនិយោគិនឥណ្ឌូណេស៊ីថា កម្ពុជាកំពុងខិតខំបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសដើម្បីមកវិនិយោគនៅកម្ពុជា។
ក្រោយបញ្ចប់បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ដោយទទួលបានការស្វាគមន៍ និងការសាទរជាទីមោទនៈ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបន្តដំណើរទៅបំពេញទស្សនកិច្ចផ្លូវការបន្តទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥។សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញដល់ទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣៧នាទី (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥ និង៣០នាទីម៉ោងនៅកម្ពុជា នៅអាកាសយានដ្ឋានអន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី ប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសនោះអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិ ភូជាន់ខ្ពស់កម្ពុជានាពេលនេះ រួមមាន៖ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីទេសចរណ៍ និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម បណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វ តាស់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុអ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រី វិមានប្រធានាធិបតី។
វត្តមានអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន នៅតាមដងផ្លូវចេញពីអាកាសយានដ្ឋានអន្តជាតិ នៃទីក្រុងឌីលី មានប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករឈអមសងខាងផ្លូវទទួលសា្វគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេក្នុងពេលនេះ។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទីម័រឡេស្តេបានចាត់ទុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាជាឥស្សរជនសំខាន់បំផុតដែលបានផ្តល់កិត្តិយសធំបំផុតដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។
ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះដែរ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្តល់កិត្តិយសបើករថយន្តដោយផ្ទាល់ជូនដំណើរសម្តេចតេជោតាំងពីអាកាសយានដ្ឋានរហូតដល់សណ្ឋាគារដែលសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ។ ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្តេ បានចាត់ទុក សម្ដេចតេជោជា មិត្តល្អ មិត្តជិតស្និទ្ធ បានមកលេងទីម័រ ។ ឯកឧត្តមថ្លែងថា សម្ដេចតេជោ ជាអ្នករំដោះពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ក៏មានមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសជំនួបទាំងនេះ ថ្នាក់ដឹកនាំកំពូលទីម័រឡេស្ដេ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្ដេ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទីម័រឡេស្ដេច បានរំលេចឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្ដេ ហើយទីម័របានអរគុណ កម្ពុជា ជាពិសេសចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែង ជ្រោមជ្រែងទីម័រ អាចឱ្យទីម័រអាចក្លាយជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ កាលពីកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន និងការជ្រោមជ្រែងរបស់សម្ដេចតេជោដែលនៅតែបន្តជួយដល់ទីម័រដើម្បីបានចូលទៅក្នុងសមាជិកពេញសិទ្ធិរបស់អាស៊ាននាពេលខាងមុខ។
សម្ដចតេជោក៏បានអរគុណចំពោះ រដ្ឋាភិបាលទីម័រ និងឯកឧត្តមប្រធានាធិបតី ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុតចំពោះសម្ដេច និងគណៈប្រតិភូដែលបានអញ្ជើញមកកាន់ទីម័រជាថ្មីម្ដងទៀតនាពេលនេះ។ សម្ដេចតេជោ បានរំលេចថា កាលពីឆ្នាំ២០១៦ សម្ដេចបានអញ្ជើញមកទីម័រម្ដងហើនៅឆ្នាំ២០២៥នេះ បានអញ្ជើញមកជាថ្មីម្ដងទៀ។ សម្ដេចក៏បានគត់សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ថាការទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិនអាចធ្វើទៅបានឡើយប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរនោះទេ។ សម្ដេចតេជោ ក៏បានរំលេចបន្ថែមនូវការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងទីម័របន្តទៀតទន្ទឹមនឹងកម្ពុជា និងទីម័រនាពេលនេះ បានបង្កើតនូវទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេលប្រមាណ២៣ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ ២០០២ កន្លងមក។ តាមរយៈទំនាក់ទំនងនេះសម្ដេចតេជោសង្ឃឹមថា ភាគីទាំងពីរនឹងរួមគ្នាពង្រីកនូវទំនាក់ទំនងបន្ថែមទៀត។
ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ប្រជាជនទីម័រ រដ្ឋាភិបាលទីម័របានបង្ហាញនូវមានកិត្តិយដ៏ឧត្តុងឧត្តម និងមានមោទនភាពដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលទីម័រ បានកោតសរសើរអំពីវីរៈភាពរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោ គឺជាឥស្សរៈជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះក៏បានរំលេចអំពីពលីកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជាដោយបានហៅសម្ដេចតេជោថា ជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។
ក្នុងឱកាសទស្សនកិច្ចនេះដែរសម្តេចតេជោក៏បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និងសង្គមស៊ីវិលទីម័រឡេស្តេ។
ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ បានបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភាផងដែរ។
សូមជម្រាបថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបញ្ចប់ទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្ដេនឹងបានអញ្ជើញធ្វើមាតិភូមិនិវត្តន៍ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញដោយសុវត្ថិភាពនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ៕

-
PR NEWS1 day ago
តែមួយ និង ដំបូងគេនៅកម្ពុជា! កម្មវិធី Idol Make Up Battle មកដល់ហើយ
-
ព័ត៌មាន8 hours ago
ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខ ក្នុងមូលដ្ឋានត្រូវ នគរបាលឃាត់ខ្លួន
-
ព័ត៌មាន5 days ago
រថយន្ត៣គ្រឿងដឹកពងមាន់ខុសច្បាប់ជាង១២ម៉ឺនគ្រាប់ នាំមកពីវៀតណាម ចូលកម្ពុជា ត្រូវមន្រ្តីជំនាញ ឃាត់បាន
-
ព័ត៌មាន4 days ago
ការកាយដីចេញពីទន្លេសាបវិញរបស់ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ធ្វើបានតែ១ថ្ងៃ នាំអោយមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ
-
កីឡា1 week ago
Hansi Flick៖ ឈ្នះជើងឯក Copa del Rey ធ្វើឱ្យ Barcelona មានកម្លាំងចិត្តមុនជួប Inter Milan យប់នេះ
-
ព័ត៌មាន1 week ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមកាយដីដែលចាក់ចូលទន្លេចេញវិញហើយនៅថ្ងៃនេះ
-
ព័ត៌មាន1 week ago
ជនសង្ស័យ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្ដិរបស់ពលរដ្ឋ
-
កីឡា1 week ago
ព្រះខ័នរាជស្វាយរៀង នឹងគ្រងជើងឯកលីគកំពូលកម្ពុជាល្ងាចនេះ បើបន្ដឈ្នះណាហ្គាវើលដ៏