ព័ត៌មាន
ជំនាញកំពុងខិតខំគិតគូររកដំណោះស្រាយបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ អគ្គិសនីកម្ពុជា កំពុងខិតខំគិតគូររកដំណោះស្រាយ ដើម្បីបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីបន្ថែមទៀត ជូនប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការចំណាយ លើការផលិតផលិតផល តាមបណ្ដារោងចក្រសហគ្រាស ។
នៅក្នុងពិធីខួប២០ឆ្នាំ របស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ និងសម្ពោធសៀវភៅប្រវត្តិអគ្គិសនីកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាំង ជលសា មានប្រសាសន៍ថា បច្ចុប្បន្ននេះ អត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅដ្ឋានប្រមាណ ៩៥,២៤ភាគរយ ពីបណ្ដាញជាតិ ស្មើនឹងភូមិចំនួន ៩៩.១៥ភាគរយ ខណៈភូមិដែលនៅសល់ ជាទីដាច់ស្រយាល គឺប្រភេទតំបន់លិចទឹក ពុំអាចតបណ្ដាញទៅបាន ប៉ុន្តែប្រជាពលរដ្ឋអាចប្រើប្រាស់ផលិតផលថាមពល ពីប្រព័ន្ធព្រះអាទិត្យ (សូឡា) ដូចនេះ ភូមិមានអគ្គិសនីប្រើប្រាស់ គឺ១០០ភាគរយហើយ ។
ឯកឧត្តមបន្តថា សព្វថ្ងៃការផ្គត់ផ្គង់បណ្ដាញជាតិបានដល់ ៥ ៣៦០ម៉េហ្កាវ៉ាត់ ដែលអាចផលិតជានិរន្តបានចំនួន ៣ ៦០០ម៉េហ្កាវ៉ាត់ ហើយកើនឡើង ២៥ដង បើធៀបនឹងឆ្នាំ២០០០ ។ ជាមួយនឹងការទទួលបាននូវអគ្គិសនីប្រើប្រាស់នេះ បានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ និងស្ថានភាពគ្រួសារត្រូវបានកែលម្អ អាចជួយបង្កើនមុខរបរ ជួយដល់ស្ត្រីមេផ្ទះ ជាពិសេស សម្រួលដល់ការសិក្សារបស់កុមារជាដើម ។
ឯកឧត្តមអគ្គនាយក បានបន្ថែមថា អគ្គិសនីកម្ពុជា កំពុងផ្ដល់លទ្ធភាពនៃការផ្គត់ផ្គង់តាមតម្រូវការ មានស្ថិរភាព និរន្តរភាព ជាមួយនឹងគុណភាពកាន់តែប្រសើរឡើង តម្លៃសមរម្យ និងព្យាយាមមិនឲ្យឡើងថ្លៃ កំពុងប្រឹងប្រែងរកវិធីសាស្ត្របញ្ចុះថ្លៃ តាមរយៈប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប កាត់បន្ថយការបាត់បង់ថាមពលក្នុងប្រព័ន្ធ សន្សំសំចៃដំណើរប្រតិបត្តិការ ទោះបី ជាប្រទេសមួយចំនួនក្នុងពិភពលោក និងប្រទេសជិតខាង មានការឡើងថ្លៃក៏ដោយ ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម សមាជិកព្រឹទ្ធសភា សមិទ្ធផលដែលទទួលបានទាំងអស់នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនចង់បាន និងចង់ឃើញ ជាមួយនឹងការជំរុញបន្ថែម ដើម្បីឲ្យការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា មាននិរន្តរភាព ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា នេះជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំជំនាន់មុន តមកដល់បច្ចុប្បន្ននេះ និងការគាំទ្រចូលរួមពីដៃគូនានា ខណៈប្រែក្លាយពីកម្ពុជា ធ្លាប់ប្រើភ្លើងចន្លុះ ចង្កៀនប្រេងកាត មានអគ្គិសនីប្រើតិចតួចក្នុងទីក្រុង ឬទីប្រជុំជន មកជាមានអគ្គិសនីប្រើប្រាស់គ្រប់ខ្នងផ្ទះ ។
ឯកឧត្តម បានបញ្ជាក់ថា ទន្ទឹមនេះ ការមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងអាចផលិតបានដោយខ្លួនឯងដោយច្រើននោះ កម្ពុជាកាន់តែទាក់ទាញនូវការវិនិយោគពីក្រៅប្រទេស ដូចនេះសូមអរគុណដល់គ្រប់ភាគីទាំងអស់ ដែលធ្វើឲ្យកម្ពុជាដើរឆ្ពោះទៅដល់គោលដៅរបស់ខ្លួនបន្ថែមទៀត ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន2 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា6 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន6 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន4 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ