ព័ត៌មាន
នៅដើមខែក្រោយ ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជានឹងរៀបចំធ្វើសមាជ ដើម្បីជំរុញឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ប្រាប់ BTV កាលពីម្សិលមិញ។
សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់ មកលើរាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ។
ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែបនេះហើយ បានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភា ឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ។
រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានបង្កើតឡើងក្រោយពីការបោះឆ្នោតដោយសេរី យុត្តិធម៌ គ្មានអំពើហឹង្សា កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណបក្សនយោបាយ ចំនួន ១៨ ហើយមានប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតចំនួន ៨៤.៥៩% បានអញ្ជើញទៅបោះឆ្នោត។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ លើសលប់គិតជាភាគរយប្រមាណ ៨២.៣% នៃចំនួនអ្នកបោះឆ្នោត ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។
គណបក្សនយោបាយចំនួនពីរទទួលបានអាសនៈនៅរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ។
ក្រោមជំនឿទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរេដ្ឋ មកលើគណបក្សប្រជាជនកម្ពុជាបែបនេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍និងជាប្រតិបត្តិករឯកក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបម្រើប្រជាពលរដ្ឋជារៀងរហូតមកនោះ បានសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយទស្សនៈវែងឆ្ងាយ ក្នុងការធានា ការពារសុខសន្តិភាពយូរអង្វែងតទៅមុខទៀត ជូនប្រជាពលរដ្ឋ ដោយសម្តេចបានសម្រេចផ្ទេរការដឹកនាំប្រទេសជូនឥស្សរជនជំនាន់ក្រោយ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាឥស្សរជនវ័យក្មេង ប្របកដោយថាមវន្ត មានឆន្ទៈមោះមុត មានសីលធម៌ខ្ពស់ ដឹកនាំប្រទេសជាតិជាបន្ត។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំបានប្រព្រឹត្តទៅដោយសន្តិវិធី និងរលូន មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ពោលនៅក្នុងរយៈពេលជាង៥00 ឆ្នាំ មកនេះ នៅពេលដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចម្តងៗ តែងមានវិបត្តិ ជម្លោះផ្ទៃក្នុង ឬមានសង្រ្គាមផ្ទុះឡើងជានិច្ច។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំនិង ដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និង «កម្មវិធីគោលនយោបាយអាទិភាពចំនួន៦» ព្រមទាំង «វិធានការគន្លឹះចំនួន៥» ក្នុងគោលដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំនិងពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក និងដើម្បីកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍ ប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមឆន្ទៈនិងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជន។
សមាជរដ្ឋសភានិងព្រឹទ្ធជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាល បង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋ ដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត។
សូមជម្រាបថា យោងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា សមាជរដ្ឋសភានិងព្រឹទ្ធសភាគឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភានិងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិនិងប្រជាជនឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។
ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាឱ្យចូលរួមប្រជុំសមាជ។ ច្បាប់សមាជរដ្ឋសភាព្រឹទ្ធសភា បានកំណត់ថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។ សមាជរដ្ឋសភានិងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ លទ្ធផលចេញពីសមាជ ជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុតដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច។ សមាជរដ្ឋសភានិងព្រឹទ្ធសភាព ជាដំណើរលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន៕

-
កីឡា5 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន7 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា4 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
កីឡា3 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
Uncategorized4 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ