ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ និង អ.ដ.ក ចុះ MOU ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងឆាប់រហ័ស នៃការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ លើ ៧ចំណុច សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។

ផ្អែកតាមអនុស្សារណៈនៃការយោគយល់គ្នានេះ អ ដ ក និងរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងនោះរួមមាន៖
១.ក្នុងករណីមានការដាក់ពាក្យស្នើសុំ ពីរដ្ឋបាលរាជធានីភ្នំពេញ អដក នឹងរៀបចំចេញជាកំណត់ហេតុ ព្រមព្រៀងបញ្ចប់វិវាទ ក្នុងក្របខណ្ឌនៃ អដក ចំពោះសំណុំរឿងវិវាទទាំងឡាយណា ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ច នៃការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីខេត្ត ។
២.រដ្ឋបាលរាជធានីភ្នំពេញ អាចបញ្ជូនសំណុំរឿងវិវាទដែលទទួលបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់ជូន អដក ពិនិត្យ និងដោះស្រាយនៅ អ ដ ក ។
៣.រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់កិច្ចសហការ ជូនដល់ អដក ក្នុងការចុះមកដោះស្រាយវិវាទដែលកើតមាន ក្នុងមូលដ្ឋានរបស់ខ្លួន។
៤.រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់កិច្ចសហការ ក្នុងការផ្តល់នូវទិន្ន័យ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ជូន អដក ដើម្បី អដក មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវក្នុងការៀបចំ ជាគោលនយោបាយ និងផែនការយុត្តិសាស្ត្រ ដាក់ជូនរាជរដ្ឋាភិបាល ។
៥. រួមសហការគ្នា ក្នុងការពង្រឹង និងលើកកម្ពស់ ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលារឱ្យបានទូលំទូលាយ ។ ៦. រួមសហការគ្នាក្នុងការៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬព្រឹត្តិការណ៍នានា ទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ។
៧. អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀត តាមការព្រមព្រៀងគ្នារបស់គូភាគី ។

ក្នុងឱកាសនោះ លោក កើត ឆែ បានលើកដែរថា រាជរដ្ឋាភិបាល ក្នុងនិតិកាលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសបនិងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា តែងបានតាសតឿនក្រើនរំលឹក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទ ក្នុងដែនសមត្ថកិច្ច គឺកុំបណ្តោយឱ្យកំទេចភ្លើង បង្កជាអគ្គីភ័យ ដែលមានន័យប្រៀបប្រដូចទៅនឹងវិវាទតូចតាចក្នុងមូលដ្ឋានបើគ្មានការយកចិត្តទុកដាក់។

បន្ថែមលើនេះ លោក កើត ឆែ បានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង៥ រួមមាន ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ «ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌» ត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥ សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួល ដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕


-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន5 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ
-
ព័ត៌មាន5 days agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន5 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង