ព័ត៌មាន
“រោងជាងឌីជីថល និងបញ្ញានិម្មិត” តម្លៃ ២លានដុល្លារ បានបើកសម្ពោធជាផ្លូវការនៅវិទ្យាស្ថាន NPIC
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “រោងជាងឌីជីថល និងបញ្ញានិម្មិត” ដែលគិតជាទឹកប្រាក់មានតម្លៃសរុបចំនួនប្រមាណ ២លានដុល្លារ ដែលជាកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនចិន Jiangsu Huibo Robotic Technology Co.,Ltd និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។
នៅក្នុងកម្មវិធីនេះ លោក វ័ង ស៊ិនហ័ង (Wang Zhenghua) នាយកប្រតិបត្តិក្រុមហ៊ុន Jiangsu Huibo បានឱ្យដឹងថា រោងជាងឌីជីថលនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នៅកម្ពុជា តាមរយៈការចែករំលែកធនធានអប់រំវិជ្ជាជីវៈ និងអន្តរប្រតិបត្តិការនៃស្តង់ដារ ជួយឧស្សាហកម្មក្នុងស្រុកធ្វើឲ្យប្រសើរឡើងនៃផ្នែកបញ្ញានិមិ្មត។ លោកបានបន្តថា រោងជាងឌីជីថលនៅកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងយុទ្ធសាស្រ្តអន្តរភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុវត្តយ៉ាងរស់រវើកនៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំចិន-កម្ពុជា ផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចសហការនេះ អាចកើតឡើងបានក៏ដោយសារមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ឯកឧត្តម បានបន្ថែមថា នៅក្នុងវិស័យអប់រំ ចិនក៏ជាប្រទេសមួយដែលឈាមុខគេក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដែលតែងតែបានជួយជ្រោមជ្រែងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា តាមយរៈការផ្តល់អាហារូបករណ៍ ព្រមទាំងការចែករំលែកនូវឧបករណ៍សម្ភារៈបណ្តុះបណ្តាល បទពិសោធន៍បច្ចេកទេស និងបច្ចេកវិទ្យា ជូនដល់គ្រូ និងសិស្សនិស្សិតកម្ពុជាផងដែរ។ ជាក់ស្តែង ការបង្កើតឱ្យមានរោងជាងថ្មីនេះ គឺពិតជាបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិនចំពោះវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា។
បើតាមការលើកឡើងរបស់ លោកអនុប្រធានរងក្រុមហ៊ុនខាងលើ ឆុយ សោហ៊ួយ (Cui Xiaohui) បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ធីវ៉េត នេះ គឺជាទំនាក់ទំនងដ៏សំខាន់ រវាងប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបចេ្ចកវិទ្យា។ ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលចិន និងកម្ពុជា រោងជាងឌីជីថល ប្រាកដជានឹងក្លាយទៅជាស្តង់ដារសម្រាប់អន្តភាវូបនីយកម្ម នៃការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាខ្ពស់របស់កម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ។
“រោងជាងឌីជីថល និងបញ្ញានិម្មិត“ នឹងរួមចំណែកដល់ការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឱ្យកាន់តែមានភាពសំបូរបែប និងភាពទាក់ទាញ តាមរយៈការរួមបញ្ចូលនូវបច្ចេកវិទ្យានិងឧបករណ៍ទំនើបៗ ដើម្បីឱ្យគ្រូនិងសិស្សនិស្សិតទទួលបានូវបទពិសោធន៍ថ្មី និងជាក់ស្តែង ក្នុងការអនុវត្តទ្រឹស្តីបច្ចេកវិទ្យាឆ្លាតវៃទៅលើឧបករណ៍ទំនើប ដែលបង្កើតនូវបរិស្ថានសិក្សាបែបចម្រុះបច្ចេកវិទ្យា ជំរុញដល់ការអភិវឌ្ឍន៍សមត្ថភាព ប្រសិទ្ធភាពនៃការរៀន និងការបង្រៀន៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា