ព័ត៌មាន
អ្នកជំនាញ៖ កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹងសម្រេចផលវិជ្ជាមានក្នុងពេលឆាប់ៗ
អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក, កម្ពុជានឹងទទួលបានផលវិជ្ជាមាន នាពេលខាងមុខជាមិនខាន ខណៈកម្ពុជាបានបន្ធូបន្ថយពន្ធនាំចូល, ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាយូរលង់, អាមេរិកក៏ជា ប្រទេសធ្លាប់ផ្តល់ជំនួយដល់កម្ពុជា និងអាមេរិកខ្លួនក៏មានតម្រូវការនាំចូលដើម្បីផ្គត់ផ្គង់ និងដើម្បីកំណើនសេដ្ឋកិច្ចផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នេះថា សេដ្ឋកិច្ចកម្ពុជាយើង មួយចំណែកធំគឺពឹងផ្អែកទៅ លើការនាំចេញ ក្នុងនោះសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំមួយនៃការស្រូបយកទំនិញកម្ពុជា គឺតាំងពីប្រទេសយើងទទួលបាន GFP រហូត ត្រូវបានបញ្ចប់នៅឆ្នាំ២០២០។ បន្ទាប់ពីបញ្ចប់ GFP ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាមេរិក គឺរកស៊ីស្នើមុខស្មើមាត់គ្នា និងត្រូវកំណត់ពន្ធលើការពាណិជ្ជកម្មទ្វេភាគីទៅវិញទៅមក, ហើយអ្វីដែលកត់សម្គាល់ បន្ទាប់ពីបញ្ចប់ GFP ការធ្វើពាណិជ្ជកម្មរវាង ប្រទេសទាំងពីរបានឈរលើកំណើនកើនឡើងជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ។

លោកបណ្ឌិត បន្តថា ចំណែកតាមរយៈនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ដែលប្រតិភូកម្ពុជា ចេញ ទៅចរចានៅសហរដ្ឋអាមេរិកដោយផ្ទាល់ជុំទី១ និងឯកភាពនៅជុំបន្តទៀតនោះ លោករំពឹងថា កម្ពុជានឹងទទួលបានផលវិជ្ជាមាន ដោយបានកើតឡើងពីកត្តាជាច្រើនដូចជា៖ កម្ពុជានិងអាមេរិកមានកិច្ចសហប្រតិបត្តិការជាយូរលង់មកហើយ, អាមេរិកក៏ជាប្រទេស ធ្លាប់ផ្តល់ជំនួយដល់កម្ពុជានាពេលកន្លងមក, កម្ពុជាបានបន្ធូបន្ថយពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ជាពិសេសអាមេរិកក៏ជាប្រទេស ដែលមានតម្រូវការក្នុងការនាំចូល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងដើម្បីកំណើនសេដ្ឋកិច្ចផងដែរ តាមរយៈការធ្វើពាណិជ្ជកម្មជាមួយ បណ្តាប្រទេសផ្សេងៗ ក៏ដូចកម្ពុជា។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា តាមរយៈនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ក្រុមការងារចំពោះកិច្ចកម្ពុជា, ជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៃជុំទី១នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ស្មោះត្រង់ ស៊ីជម្រៅ និងយោគយល់គ្នា។ ភាគីទាំងពីរក៏បានឯកភាពគ្នា នៅជុំទី២ ក្នុងដើមខែ មិថុនា ឆ្នាំ២០២៥ នៅទីក្រុងវ៉ាស៊ឹងតោនដ៏ដែល ដើម្បីឈានទៅរកកិច្ចព្រមព្រៀងនៅពេលខាងមុខ។
ជុំវិញកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក, បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ-បាលកម្ពុជា, ក្រុមការងារចំពោះកិច្ចរបស់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុលឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជានិងសហរដ្ឋអាមេរិក, ដែលភាគីសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
កិច្ចប្រជុំចរចាជុំទី១នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែម នូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅ លើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្ដាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។ រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ