Connect with us

ព័ត៌មាន

សម្តេច ម៉ែន សំអន៖ សមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នឹង​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​ចូល​កាន់​មុខ​តំណែង​ក្រុម​ប្រឹក្សា​ភិបាល​អាណត្តិ​ទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នារាត្រីថ្ងៃសៅរ៍ ៦រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។

បើតាមការលើកឡើងរបស់លោក លី ស៊ីនហួរ បានបញ្ជាក់ថា ចាប់​តាំង​ពី​ករកើត​សមា​គម​សភា​ពាណិជ្ជ​កម្ម​ខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា រហូតមកដល់ពេលនេះ សមាគមបានពង្រឹង និង​ពង្រីក​នូវ​ទំនាក់​ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ច រវាងសមាគម​ពាណិជ្ជករ​ចិន​ផ្សេង​ទៀត ការជំរុញនូវសហគ្រិនភាព រវាងចិន-កម្ពុជា ការពង្រីកនូវសេដ្ឋកិច្ចទីផ្សារ ចូល​ទៅ​ក្នុង​ការ​អភិវឌ្ឍន៍នៃសាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយ ផ្លូវមួយ ខែ្សក្រវ៉ាត់មួយ។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ក៏បានកត់សម្គាល់ផងដែរថា សភា​ពាណិជ្ជ​កម្ម​នេះ មិនត្រឹមតែដើរតួនាទីសម្រាប់ជាស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និង​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ថែមទាំងបានក្លាយជាគ្រឹះមួយចំណែកដ៏រឹងមាំ ក្នុងការផ្សារភ្ជាប់ភាពរីកចម្រើន នៃ​សេដ្ឋកិច្ច​កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

មានចំណាប់អារម្មណ៍នៅក្នុងពិធីនោះ ៖ ឯកឧត្តម ចាវ ហាយចៀន អគ្គទីប្រឹក្សា​ស្ថាន​ទូត​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិតចិនប្រចាំនៅកម្ពុជា ក៏បានលើកឡើង នៅពេលដែលសមាគមចិន-កម្ពុជា​ នៃអនាគតរួមគ្នា ភាពជឿនលឿន រឹងមាំ និងធានាបានស្ថិរភាព ភាពប្រាកដ​និយម​បន្ថែម​ទៀត ទៅក្នុងពិភពលោក ដែលកំពុងចលាចល ហើយនឹង​នាំ​មក​នូវ​ឱកាស​ថ្មី​សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​នានា ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និង​ប្រជាជន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ រួមទាំងសហគ្រាស ខេត្ត​ហ៊ូណាន​ផង​ដែរ​។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងកម្ពុជា-ចិន​ បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាង​សហគមន៍​វាសនា​រួម​ប្រកប​ដោយ​គុណ​ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ ជា​ក់​ស្តែង ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» ការ​បង្កើត​មូល​និធិ​ផ្លូវ​សូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រឹងភាពជាដៃគូ និងជំរុ​ញ​ការ​អភិវឌ្ឍ​​តាម​បែប ឈ្នះ ឈ្នះ ក្នុងប្រទេសនានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត។

សម្តេចបានបន្តទៀតថា ក្រោមកា​រ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ល។ ក្នុង​រយៈពេលជាង២០ឆ្នាំចុង ក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណ ៧% ដោយ ឡែកនៅក្នុងឆ្នាំ២០២៤នេះ ក្នុងរង្វង់ប្រមាណ ៦.៦% ដែលនាំឲ្យចំណូល របស់​ប្រជា​ជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពកាន់តែមាន ភាពកាន់តែប្រសើរ។ ដោយ​ឡែករាជធានីភ្នំពេញ បាននឹងកំពុងក្លាយទៅជា តំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក ។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញនូវគោលនយោបាយ ជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះ គោល នយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនាបានបង្កលក្ខណៈ ឱ្យ គ្រប់ជាតិសាសន៍ និង​ជនជាតិទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចរស់​នៅ​ជាមួយ​គ្នាដោ​យ​សុខ​ដុម​រមនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសយើង ទាំងអស់គ្នា។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវអបអរសាទរ ចំពោះ លោក លី ស៊ីនហួរ ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំ​នៅកម្ពុជា និងបានលើកទឹកចិត្តឲ្យសភាពាណិជ្ជកម្ម បំពេញបេសក​កម្ម​របស់​ខ្លួន​ឲ្យ​បាន​រលូន ប្រកបដោយការយកចិត្តទុកដាក់ ត្រូវគោរពទៅតាមច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្តិ​ជា​ធរមាន​របស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿយ៉ាងមុតមាំថា សមាគមនេះ ពិតជារួមចំណែក​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដា​ចាំ​បាច់​ក្នុង​ការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia