ព័ត៌មាន
អេមីរ៉ាតអារ៉ាប់រួមនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។

ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ, ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និងពិភាក្សាលេីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កេីនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។ ជាមួយគ្នានេះ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។ សម្តេចបវរធិបតីគូសបញ្ជាក់ថា កម្ពុជានិង UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។ សម្តេចបរវធិបតីក៏បានបញ្ជាក់ពីទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE។ សម្តេចបវរធិបតីលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។ សម្តេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថាតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា