ព័ត៌មាន
កម្ពុជា-អូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញ TVET
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Cameron Baker ប្រធានគណៈកម្មការជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សាជំនាញដល់យុវជនកម្ពុជា។

ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវអំពីការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានសក្តានុពលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រីងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដែលឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅលើសកលលោកផងដែរ។

បើតាមក្រសួងការងារ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានលើកឡើងអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាជាមួយរដ្ឋអូស្រ្តាលីខាងត្បូង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការបណ្ដុះបណ្ដាលជំនាញផលិតរថយន្តដើរដោយថាមពលអគ្គិសនី និងការបង្កើនផលិតភាពដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ជាពិសេសការកសាងសមត្ថភាពជនបង្គោលលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងការផ្ដល់អាហារូបករណ៍ដល់សិក្ខាកាម និងនិស្សិតកម្ពុជាដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីអូស្ត្រាលីបន្ថែម។

ជាការឆ្លើយតប ភាគីអូស្រា្តលី បានស្វាគមន៍ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Cameron Baker បានកោតសរសើរចំពោះទំនាក់ទំនងកម្ពុជា និងអូស្រ្តាលី ដែលបានគាំទ្រគ្នាទៅវិញទៅមកជាច្រើនឆ្នាំមកហើយ ខណៈដែលភាគីទាំងពីរបានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា