Connect with us

ព័ត៌មាន

កម្ពុជា-ហុងគ្រី លើកកម្ពស់ទំនាក់ទំនងរដ្ឋសភា និងរដ្ឋសភាក្នុងការស្វែង​រកផល​ប្រយោជន៍​ជូន​ពលរដ្ឋ​ទំាង​សងខាង

សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​រដ្ឋសភា​។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ដែល​បាន​រួម​ចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកចំណងមិត្ដភាព កិច្ចសហ​ប្រតិបត្ដិការ​នៃ​ប្រទេស​ទាំង​ពីរកម្ពុជានិងហុងគ្រី ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងទូលំទូលាយថែមទៀត ដើម្បី​បាន​ជា​លទ្ធ​ផលផ្លែផ្កា ព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេច ក៏បានអរគុណ ជូនឯកឧត្ដម ឯកអគ្គរដ្ឋទូត ដែល​បាន​សម្រប​សម្រួល​ការ​ងារ​ដល់​ដំណើរ​ទស្សន​កិច្ច​ផ្លូវការរបស់ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានរដ្ឋសភា​នៃ​ប្រទេស​ហុងគ្រី ដែលបានអញ្ជើញ​មកបំពេ​ញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្ល​ង​មក​នេះ ទទួលបានលទ្ធផលប្រកបដោយជោគជ័យ និងផ្លែផ្កាគួរជាទីមោទនៈ។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍បន្តថា ផ្តើមចេញពីដំណើរទស្សកិច្ចរបស់លោកជំទាវ អនុ​ប្រធានរដ្ឋសភាហុងគ្រីនៅកម្ពុជានោះហើយ បានធ្វើឱ្យទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្ដិការ​ក្នុង​ក្រប​ខណ្ឌសភានៃប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីក តាមរយៈការ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេច ទៅកាន់ប្រទេសហុងគ្រី ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែល នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណងមិត្តភាពកិច្ចសហប្រតិបត្តិរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់​ជ្រុង​ជ្រោយ​បន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា មានសារៈ​សំខា​ន់​ណាស់ ដោយសារសភាតំណាងពលរដ្ឋ។ ផ្តើមចេញពីទំនាក់ទំនងសភានេះ នឹងលើក​កម្ពស់​ដល់​ការ​ភ្ជាប់​ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ កាន់តែស៊ីជម្រៅ មានការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំជាដើម។ សម្តេច​បាន​សង្កត់​ធ្ងន់​ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបែកបាក់​សេដ្ឋកិច្ច​កំពុង​កើន​ឡើង​ បានបង្កជាវិបត្តិនិងក្តីបារម្ភចំពោះពលរដ្ឋ។ ការរឹត​ចំណង​មិត្ត​ភាព​កម្ពុជា​នឹង​ហុង​គ្រី​នៅ​ក្នុង​កាលៈ​ទេសៈ​មិនត្រឹមធានាបាននូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ ថែម​ទំាង​បាន​ចូល​រួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយម កាត់បន្ថយហានិភ័យ​ដែល​បាន​រំខាន​ដល់​សេចក្តីសុខពលរដ្ឋជាសកល បានទៀតផង។

ឯកឧត្តម ធីប័រ បាឡូកឌី បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែល​បាន​ចំណាយ​ពេល​វេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនិងសហការី​នា​ឱកាស​នេះ​។ ឯកឧត្តមបានអរគុណ សម្តេចនិងរដ្ឋសភាកម្ពុជាទំាងមូល ដែលបានរៀប​ចំ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅដ​ល់ដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវ ម៉ាតា ម៉ាត្រៃ កាលពីពេលកន្លង​ទៅ​ថ្មីៗ​នេះ​។ តាមរយៈដំណើរទស្សនកិច្ចនោះ លោកជំទាវអនុប្រធានរដ្ឋសភាហុងគ្រី មាន​មនោសញ្ចេត​នា​ជ្រាលជ្រៅ ជាមួយប្រទេសនិងពលរដ្ឋកម្ពុជា។ លោកជំទាវបាន​ឃើញ​ពិត​ប្រាក​ដ​ពី​ការ​អភិវឌ្ឍនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តម ធីប័រ បាឡូកឌី គូស​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​និង​ហុងគ្រី​មាន​លក្ខ​ណៈ​ភូមិសាស្រ្ត និង​ប្រវត្តិសាស្រ្ត​ស្រដៀងគ្នា ពោលមានផ្ទៃដីនិងចំនួនពលរដ្ឋប្រហាក់ប្រហែលគ្នា។ ប្រការនេះបាន​ធ្វើ​ឱ្យ​ប្រទេសទំាងពីរយល់ពីគ្នាបានយ៉ាងច្បាស់។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសហុគ្រីវិញ ឯកឧត្តមបានជម្រាប   ជូន​ពី​ពង្រាង​គម្រោងកម្មវិធី។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចប្រធានរដ្ឋសភា​នឹង​មាន​ជំនួប​ពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលនៃប្រទេសហុងគ្រី។ ជាមួយគ្នានេះ សម្តេច​នឹងមានដំណើរទស្សនកិច្ចនៅតំបន់ឧស្សាហកម្មនិងជួបជាសហគមន៍ខ្មែរនិងនិស្សិតខ្មែរ ដែល​កំពុងស្នាក់នៅនិងសិក្សានៅប្រទេសហុងគ្រី ផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្តែង​នូវ​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​បាន​បំពេញ​បេសក​កម្ម​ការ​ទូតនៅកម្ពុជា ដែលបានចួលរួមចំណែកដល់ការលើកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យ​មានការរីកចម្រើនជាលំដាប់។ ឯកឧត្តម ធីប័រ បាឡូកឌី បានជម្រាបជូន សម្តេច​ពី​គម្រោង​កិច្ច​សហ​ប្រតិបត្តិការរវាងកម្ពុជានិងហុងគ្រី មួយចំនួននៅក្នុងនោះ មានវិស័យថាមពល ធុរកិច្ច និង​កសិកម្មជាដើម។ ឯកឧត្តមបានលើកឡើងថាដោយសារកម្ពុជាមានសក្តានុពលខ្លំាងដូច្នេះ ឯកឧត្តម​នឹងខិតខំជំរុញបណ្តាប្រទេសនានានៅក្នុងសហគមន៍អឺរ៉ុប ឱ្យភ្ជាប់ទំនាក់​ទំនង​ជាមួយ​កម្ពុជា ឱ្យបានកាន់តែជិតស្និទ្ធនិងសកម្មឡើងបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតបានសាទរខូប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា​ និងហុងគ្រី ដែលនឹងឈានមកដល់នៅឆ្នាំ២០២៦ខាងមុខ។ សម្តេចប្រធានរដ្ឋសភា បាន​គូស​បញ្ជាក់​ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនជាបន្ដបន្ទាប់ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថ្នាក់ដឹកនាំប្រទេសទាំ​ង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​គ្នា​ទៅវិ​ញ​ទៅ​មក​ស្ទើរ​គ្រប់​កម្រិត​ទាំង​អស់។ កាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបំពេញទស្សនកិច្ចនៅហុងគ្រី ហើយ​នៅខែតុលា ក្នុងឆ្នាំដដែលនោះដែរ សម្ដេចតេជោ ក៏បានអញ្ជើញ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ដី​ពី​ទឹក លើកទី៣ នៅប្រទេសហុងគ្រីផងដែរ។ ក្នុងឆ្នាំ២០១៩នោះដែរ ឯកឧត្ដម ចាណូស អាឌឺ (Janos Ader) ប្រធានាធិបតីហុងគ្រី ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ហុងគ្រី មក​បំពេញ​ទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះប្រទសទំាងពីរ តែងតែគំាទ្រគ្នាទៅវិញទៅមក នៅ​តា​ម​វេទិការអន្តរជាតិនានា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេច​នៅ​ប្រទេស​ហុងគ្រី សម្តេចនឹងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំហុងគ្រី ទាំងស្ថាប័ននីតិប្បញ្ញត្ដិ និង​នីតិប្រតិបត្ដិការ លើការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្ដិការលើវិស័យអាទិភាពទាំងនេះ ជា​ពិសេសការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម ឧស្សា​ហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន ធនធានទឹក និងវិស័យអាទិភាពមួយចំនួនទៀត ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព និងផលប្រជាជនទាំងសងខាង។

ជាមួយគ្នានេះ សម្តេចនឹងស្នើដល់រដ្ឋាភិបាលហុងគ្រី ជួយបង្កើន​ចំនួន​អាហា​រូបករណ៍​ដល់​និស្សិត​កម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី ដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹក​នាំ​ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់​នៅ​ក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី​១ ដោយបានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់ និង​អភិបាលកិច្ចដើម្បីអភិវឌ្ឍន៏កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី មេត្តា​ជួយ​កៀរគរ និងលើកទឹកចិត្តដល់អ្នកវិនិយោគហុងគ្រី ដើម្បីអាចមកកម្ពុជា ដើម្បី​ស្វែង​រក​កាលា​នុវត្ត​ក្នុង​ការវិនិយោគថ្មីៗបន្ថែមទៀតលើវិស័យ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យា​ព័ត៌មាន បរិស្ថាន និងវិស័យធនធានទឹក ជាដើម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia