ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាមានសំណាងមានសម្តេចតេជោ និងសម្តេចធិបតី មានទស្សនវិស័យជាសកល និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយលើការងារការទូត
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃការងារការបរទេសរបស់កម្ពុជានិងសភាពការណ៍អន្តរជាតិ” ដែលបានប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាពិតជាមានសំណាងណាស់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ជាបិតាសន្តិភាពកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃនយោបាយការបរទេសរបស់កម្ពុជា មានទស្សនវិស័យជាសកល ការព្យាករណ៍ជាយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់សង្គ្រាម រហូតស្វែងរកបាននូវសុខសន្តិភាពពេញលេញ រួចផុតពីប្រទេសដែលមានស្ថានភាពលំបាកលំបិន ទៅជាប្រទេសដែលពោរពេញដោយឱកាស។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងផងដែរ កម្ពុជា ក៏មានសំណាងផងដែរ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេនជំនាន់ថ្មី។ ការដឹកនាំរបស់សម្តេចធិបតីបានធានានូវការបន្តគោលដៅ និងយុទ្ធសាស្ត្រនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ ជាមួយនឹងសមាសភាពក្រុមការងារប្រកបដោយសមត្ថភាពការទូត និងគោលនយោបាយជាក់លាក់ មានការជឿជាក់យ៉ាងច្បាស់ថា កម្ពុជាអាចឆ្លងកាត់បញ្ហាប្រឈមជាសកល ដែលមិនមានភាពច្បាស់លាស់ ដោយភាពប្រុងប្រយ័ត្ន និងសុវត្ថិភាពជាទីបំផុត។
“យើងខ្ញុំ សូមសម្តែងនូវមោទនភាពដ៏ជ្រាលជ្រៅ ចំពោះមេដាយសន្តិភាពជាច្រើន ដែលត្រូវបានប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន ពីស្ថាប័នអន្តរជាតិនានា។ លើសពីនេះទៅទៀត ការបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការដ៏ជោគជ័យ របស់សម្តេចតេជោទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស នាពេលថ្មីៗនេះ គឺជាសក្ខីភាព នៃ ការទទួលស្គាល់ជាអន្តរជាតិ របស់សម្តេចតេជោ ជារដ្ឋបុរសដ៏លេចធ្លោ និងឈ្លាសវៃ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងតំបន់ទាំងមូល។”នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី។
សូមជម្រាបថា សភាពការណ៍អន្តរជាតិបច្ចុប្បន្ន មានភាពតានតឹង ស្រពិចស្រពិល រួមរឹតដោយវិបត្តិសេដ្ឋកិច្ច សន្តិសុខ ការប្រកួតប្រជែងភូមិសាស្ត្រ និងបច្ចេកវិទ្យា ហើយថ្មីៗនេះសង្គ្រាមពាណិជ្ជកម្មបាននិងកំពុងអង្រួនស្ថានភាពរបស់ពិភពលោកកាន់តែរញ្ជួយមួយកម្រិតទៀត។ ជម្លោះប្រដាប់អាវុធ ដែលកំពុងកើតឡើងនៅក្នុងតំបន់នីមួយៗទាំងប្រពៃណី និងមិនប្រពៃណី សុទ្ធតែបានបំផ្លាញដល់សន្តិសុខមនុស្សជាតិ មិត្តភាព កិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ពិភពលោក ជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងកំណើនសេដ្ឋកិច្ច ពិភពលោក។
ប្រឈមបញ្ហាស្មុគស្មាញនេះ ការងារការទូតរបស់កម្ពុជា ដែលមានយុទ្ធសាស្ត្រច្បាស់លាស់ ផែនការសកម្មភាពជាក់ស្តែង ភាពជាអ្នកដឹកនាំដ៏ពូកែ និងសមត្ថភាពស្ថាប័នដ៏រឹងមាំ កម្ពុជាបានការពារនិងលើកកម្ពស់ផលប្រយោជន៍ស្នូលរបស់ជាតិ គឺសន្តិភាព សន្តិសុខ ស្ថិរភាព អត្តសញ្ញាណជាតិ និងវិបុលភាព ព្រមទាំងអាចការពារបានយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រដ៏ច្បាស់លាស់ ពីថ្នាក់ដឹកនាំកំពូល និងភាពប៉ិនប្រសប់ប្រកបដោយវិជ្ជាជីវៈរបស់អ្នកការទូតរបស់កម្ពុជា រួមផ្សំនឹងការអនុវត្តគោលនយោបាយការបរទេស ដែលផ្អែកលើផលប្រយោជន៍ជាតិជាធំ នាំឱ្យនយោបាយការបរទេសរបស់កម្ពុជា ប្រែក្លាយទៅជានយោបាយមួយប្រកបដោយថាមពល និងពោរពេញដោយភាពរឹងមាំគួរជាទីមោទនៈ។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីការទូតទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ជាតំណាងឱ្យជាតិមាតុភូមិ ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ។
សូមជម្រាបថា សិក្ខាសាលាស្តីពី «លទ្ធផលនៃការងារការបទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» ជាកាលានុវត្តភាពសម្រាប់កិច្ចសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីពិនិត្យលើវឌ្ឍនភាពគោលនយោបាយការបរទេសរបស់កម្ពុជា សម្រាប់បរិបទពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមនឹងបញ្ហាជាច្រើន។ សិក្ខាសាលានេះ ជាវេទិកាមួយក្នុងចំណោមសិក្ខាសាលាជាច្រើន ដែលបានរៀបចំឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៥នេះ ដែលសភាកម្ពុជា បានរៀបចំឡើងជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពឡើង៕
-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»