ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងការងារ៖ ស្រ្តីជាម្ដាយជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលផលពីកម្មវិធីរបស់រាជរដ្ឋាភិបាលគិតត្រឹម៤ខែដើមឆ្នាំនេះ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈខេត្តព្រះសីហនុបានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់។

នេះគឺជាការគូសបញ្ជាក់ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«បច្ចុប្បន្នក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យដំណើរការផ្ទាល់ចុះបញ្ជីសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកតាមទូរសព្ទដៃ កុំព្យូទ័រ និងតាមរយៈបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងផងដែរ។ ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំចំនួន ១៤លើក ដោយមួយលើកទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារករួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កូនចៅបងប្អូនកម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ប្រមាណ ៣៣២ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ ក្នុងនោះនៅខេត្តព្រះសីហនុ បានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់បានទទួលផលពីកម្មវិធីនេះ។

នៅខេត្តព្រះសីហនុ ប.ស.ស. បានចុះបញ្ជីសមាជិកតាមរបបភាគទានជាកាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិកនៃ ប.ស.ស. បានចំនួនសរុបប្រមាណ ៩,៨ម៉ឺននាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ៦ ៥៨៤នាក់ (ស្រី ៤ ១៩៩នាក់) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២ ៦១៨នាក់ (ស្រី ១ ៥២៤នាក់)។

គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពតាមរយៈរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. បានចំនួនសរុបប្រមាណ ៦៩ម៉ឺននាក់។ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ប្រមាណ ៥០,៤ម៉ឺននាក់ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ប្រមាណ ១៨,៦ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. សរុប បានកើនឡើនដល់ប្រមាណ ៣,១លាននាក់៕





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម